ភ្នំពេញ ៖ លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនកូនតុងទីន ដែលបានកើបលុយ រាប់សែនដុល្លារបម្រុងរត់គេចខ្លួន ដាក់ពន្ធនាគារព្រៃស PJ ជាបណ្តោះអាសន្ន ។

យោងតាមដីកាឃុំខ្លួនបានបានបញ្ជាក់ថា សម្រេចដាក់ឲ្យជនត្រូវចោទស្ថិតក្រោមការពិនិត្យពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបញ្ញតិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ដែលជាបទល្មើសព្រហ្មទណ្ឌ ។

សូមជម្រាបថាស្ត្រីម្នាក់ជាអ្នកលេងតុងទីន ដែលហៅថា”កូនតុងទីន” ត្រូវបានកម្លាំសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីកើបលុយតុងទីនបានរាប់សែនដុល្លារអាមេរិក ហើយព្យាយាមរត់គេចខ្លួន។ ស្ត្រីរូបនោះឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ ៤៣៥B ផ្លូវលេខ២១BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ ។ ការចាប់ខ្លួនសមាជិកក្រុមតុងទីនម្នាក់នេះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមពាក្យបណ្តឹងរបស់ឈ្មោះ គង់ ណាក់នីន ។

យោងតាមពាក្យបណ្តឹងបានឲ្យដឹងថា ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ដែលជាអ្នករាប់អានគ្នា បានទៅខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៣៣០ ០០០ ដុល្លារអាមេរិក ដោយបានធ្វើកិច្ចសន្យាជាលាយលក្ខអក្សរត្រឹមត្រូវ ថាយកទៅពង្រីកមុខរបររកស៊ីតាមអនឡាញ ។ ជនសង្ស័យបានធានាអះអាងថាសងទៅជនរងគ្រោះវិញ ក្នុង១ខែ២ ០០០ ដុល្លារ គិតចាប់ ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយសារតែការជឿទុកចិត្តគ្នា ទើបដើមបណ្តឹងយល់ព្រមឲ្យឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ខ្ចីប្រាក់រហូតដល់ ៣៣០ ០០០ ដុល្លារអាមេរិកនោះ ។ បន្ទាប់ពីទទួលបានប្រាក់គ្រប់ចំនួនហើយ ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានដាក់តម្កល់មូលប្បទានបត្រ១សន្លឹករបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ABA ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សម្រាប់ទូទាត់ប្រាក់សងទៅដើមបណ្តឹងវិញ។ ប៉ុន្តែផ្ទុយទៅវិញឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី មិនបានគោរពតាមការសន្យាទេ បែរជាយកប្រាក់នោះទៅលេងតុងទីន ដោយរយៈពេល២ខែមិនឃើញបង្វិលឲ្យម្ចាស់បំណុលនោះឡើយ។ដោយអស់ជំនឿ ទើបម្ចាស់បំណុលយកមូលប្បទានបត្រ របស់ឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ទៅបើកប្រាក់ពីធនាគារ ខាងធនាគារឆ្លើយតបមកវិញថា ជា”សែកស្អុយ” អត់មានសាច់ប្រាក់ ។ បន្ទាប់មកទៀតជនរងគ្រោះក៏បានព្យាយាម ទាក់ទងទៅឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ជាញឹកញាប់ដែរ ដើម្បីជួបដោះស្រាយរឿងបំណុលជាង ៣០ម៉ឺនដុល្លារអាមេរិកនោះ ប៉ុន្តែឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី មិនបានទៅជួបដើមបណ្តឹងទេ ថែមទាំងគេចខ្លួនទៀតផង ។ ក្រោយមក ជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីឃាត់ខ្លួនឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី យកមកអនុវត្តតាមច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី បានសារភាពថា លុយទាំងអស់នោះខ្លួនបានខ្ចីគេ យកទៅរកស៊ីតាមអនឡាញខ្លះ និងលេងតុងទីនខ្លះ ដែលការលេងតុងទីនបានកើបលុយមេអស់ ហើយ តែដោយសារចុងក្រោយមានបញ្ហារឿងលុយកាក់ទើបគេចខ្លួន៕


អត្ថបទ៖ចតុមុខ

Share.