សិល្បៈអន្តរជាតិ៖ កន្លងមកនេះ ក្រុមពិនិត្យកោសល្យវិច័យតាមសរសៃសក់ និងសរសៃរោម បានអះអាងថា តារាសម្ដែង Yoo Ah In មិនមែនប្រើប្រាស់តែសារធាតុញៀន ២ប្រភេទនោះទេ ប៉ុន្តែមានប្រើប្រាស់សារធាតុញៀន២ផ្សេងទៀត។

តាមរបាយការណ៍ពី TV Chosun បានអះអាងថា កាលពីថ្ងៃទី ៥ ខែកុម្ភៈ កន្លងមកនេះ បន្ទាប់ពីប៉ូលិស និងអង្គការសុវត្ថិភាពចំណីអាហារ និងឱសថ បានរួមដៃគ្នាជាមួយក្រុមសេវាកោសល្យវិច័យនៃប្រទេសកូរ៉េខាងត្បូង ទើបលទ្ធផលបានបញ្ជាក់ថា នៅក្នុងខ្លួនរបស់តារាសម្តែងប្រុស Yoo Ah In គឺមានផ្ទុកសារធាតុញៀនចំនួន ៤ប្រភេទគឺ កញ្ឆា ថ្នាំ Propofol ថ្នាំ Ketamine និងសារធាតុញៀន Cocaine។
យ៉ាងណាមិញ សារធាតុញៀន Cocaine ត្រូវបានគេស្គាល់ថា ជាប្រភេទថ្នាំញៀនដែលជំរុញឱ្យមានអារម្មណ៍សប្បាយ និងបន្ធូរអារម្មណ៍តានតឹងបានខ្លាំងបំផុត។ សារធាតុថ្នាំញៀនមួយប្រភេទនេះ បានបំផ្លាញដល់ប្រព័ន្ធសរសៃប្រសាទ សូម្បីតែអ្នកប្រើប្រាស់ក្នុងកម្រិតមួយដូសក៏ដោយ។ រីឯថ្នាំ Ketamine ក៏ជាប្រភេទថ្នាំស្ពឹកម្យ៉ាងដែលមានភាពស្រដៀងគ្នាទៅនឹងថ្នាំ Propofol ផងដែរ។ ថ្នាំនេះត្រូវបានចាត់ចូលជាពពួកថ្នាំញៀនកាលពីឆ្នាំ 2006 បន្ទាប់ពីមានការប្រើប្រាស់ដែលបង្កក្ដីព្រួយបារម្ភខ្លាំងដល់សុខភាព។

ប៉ូលិសបានទទួលបញ្ជាឱ្យកត់ត្រាវេជ្ជបញ្ជារបស់តារាសម្ដែងប្រុសរូបនេះ ចំពោះករណីសង្ស័យនៃការប្រើប្រាស់ថ្នាំ Ketamine ដោយមានការត្រួតពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យដែលតារាប្រុសរូបនេះបានធ្លាប់ចូលជាប្រចាំ ដើម្បីបញ្ជាក់ថា មានប្រើប្រាស់ថ្នាំប្រភេទនេះឬទេ? ហើយលោកក៏ត្រូវកោះហៅទៅផ្ដល់ចម្លើយម្ដងទៀតនៅតុលាការនាសប្ដាហ៍ក្រោយ ក្នុងនាមជាជនសង្ស័យ។
អ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបរិមាណថ្នាំ Ketamine ដែលតារាប្រុស Yoo Ah In ប្រើចូលក្នុងខ្លួនដល់ទៅ ៧៣ ដងក្នុងឆ្នាំ ២០២១។ ក្រោយការស៊ើបអង្កេតក៏បានរកឃើញបន្ថែមទៀតថា តារាប្រុសរូបនេះបានប្រើថ្នាំ Propofol ក្នុងបរិមាណប្រហែល 60 មីលីលីត្រ ហើយបរិមាណសរុបដែលលោកបានប្រើក្នុងឆ្នាំ 2021 គឺប្រហែល 4,400 មីលីលីត្រ ក្នុងមួយលើកប្រហែល 5 – 10 មីលីលីត្រប៉ុណ្ណោះ។ ប៉ូលិសបានជឿថា Yoo Ah In ធ្លាប់ប្រើប្រាស់គ្រឿងញៀនប្រភេទនេះយូរមកហើយ។

ក្រោយដឹងការទម្លាយនេះ អ្នកលេងបណ្ដាញបានបង្ហាញការភ្ញាក់ផ្អើលម្ដងទៀត ហើយបានចាត់ទុកតារាប្រុសរូបនេះជាមនុស្សញៀនថ្នាំទៅហើយ ព្រោះបរិមាណថ្នាំញៀនដែលលោកប្រើគឺ ហួសកម្រិតខ្លាំង ប៉ុន្តែសំណាងល្អហើយដែលមិនមានគ្រោះថ្នាក់ដល់ជីវិតរបស់លោក។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានជឿថា លោក Yoo Ah In មិនមានឱកាសត្រឡប់មកពិភពសិល្បៈសម្ដែងដូចមុនទៀតឡើយ បើទោះបីជាលោកមានស្នាដៃល្បីតាមរយៈរឿង The Match ឬ Goodbye Earth នៅលើ Netflix ក៏ដោយ។ ហើយសូម្បីតែគម្រោងថតរឿង Hellbound រដូវកាលទី ២ ក៏ត្រូវបានផ្អាកទាំងស្រុងតែម្ដង បន្ទាប់ពីផ្ទុះរឿងអាស្រូវនេះ៕
