សិល្បៈជាតិ៖ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ នេះ គឺជាថ្ងៃពិសេសនៃខែគម្រប់ខួបអាពាហ៍ពិពាហ៍រយៈពេល ១ឆ្នាំ និងចំណងស្នេហ៍អស់ ៧ ឆ្នាំ របស់តារាសម្ដែងស្រី ទឹម រដ្ឋា និងស្វាមី។ ថ្ងៃពិសេសនេះ អ្នកនាងបានបង្ហាញរូបភាពជាច្រើនសន្លឹក ដោយស្ដែងឱ្យឃើញថា អ្នកនាងកំពុងតាំងគភ៌។
អ្នកនាង ទឹម រដ្ឋា បានរៀបរាប់សារខ្លះប្រាប់មហាជនអ្នកលេងបណ្ដាញសង្គមថា ៖ «ប្រវត្តិសង្ខេបនៃស្នេហា ទឹម រដ្ឋា និង Jovany Antonio
1 / ថ្ងៃចាប់ផ្ដើមដំបូងនៃការយល់ព្រមធ្វើជាសង្សារនឹងគ្នា ថ្ងៃទី27 . ខែមិនា. ឆ្នាំ 2016 អាយុកាលនៃការស្រឡាញ់គ្នារបស់ពួកយើងសរុបអស់រយៈពេល 7 ឆ្នាំ
2 / ស្រលាញ់គ្នាបានរយៈពេល5ឆ្នាំគាត់បានសុំខ្ញុំរៀបការ
3 / ឆ្នាំទី 6ពួកយើងក៏បានចូលរោងការតាមប្រពៃណីខ្មែរដោយស្របច្បាប់
4 / ឆ្នាំទី 7 ពួកយើងទទួលបានការចាប់កំណើតពីកូនទន្សាយតូចមួយនៅក្នុងផ្ទៃរបស់ខ្ញុំមួយជាចំណងដៃនៃកាដូប្រចាំជីវិតយើងទាំងពីរ ( វាគឺជាអំណោយនៃសុភមង្គល)។ នេះហើយគឺជាជីវិតដៃគូដែលយើងតស៊ូស្រលាញ់ហើយតាំងពីថ្ងៃដំបូងរហូតដល់មានថ្ងៃនៃសុភមង្គលពិតប្រាកដ សុបិនរបស់យើង ទាំងពីរក៏បានក្លាយជាការពិត»។
អ្នកនាងបន្តរៀបរាប់ថា ៖ « នៅថ្ងៃទី 3 ខែ 3 2023 ហើយក៏ជាខែនៃគម្រប់ខួប អាពាហ៍ពិពាហ៍ រយៈពេលមួយឆ្នាំ របស់ខ្ញុំទាំងពីរនាក់ ហើយក៏ជាថ្ងៃដែលយើងទាំងពីរសុំប្រកាស ចែករំលែកជាសាធារណៈទៅកាន់ពុកម៉ែបងប្អូន ថាយើងទាំងពីរកំពុងតែទទួលបាននូវកូន ទន្សាយ មួយជាចំណងដៃនៃអាពាហ៍ពិពាហ៍ដ៏មានន័យក្នុងជីវិតមួយនេះហើយ យើងទាំងពីរពិតជាមានមោទនភាពខ្លាំង ដែលមិនមានអ្វីអាចប្រៀបផ្ទឹមបាន ព្រោះយើងទាំងពីរបានក្លាយជា ប៉ានិងម៉ាក់ឆាប់ៗខាងមុខនេះ។ ហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់ ពុកម៉ែបងប្អូននិងអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ដែលតែងតែស្រលាញ់គាំទ្រនិងតែងតែតាមដានពីជីវិតឯកជនរបស់ខ្ញុំ ហើយមកដល់ឥឡូវនេះខ្ញុំនៅតែសុំការស្រឡាញ់ និងគាំទ្របន្តមកកាន់កូនទន្សាយតូចរបស់ខ្ញុំនិងចេញមកកាន់ ពិភពលោកដ៏ស្រស់ស្អាតនាពេលឆាប់ៗខាងមុខនេ:ផងណា។ ដោយក្ដីគោរពនិងស្រឡាញ់ពីនាងខ្ញុំនិងស្វាមី។»
យ៉ាងណាមិញ អ្នកនាង ទឹម រដ្ឋា នៅមិនទាន់បញ្ជាក់ពីភេទរបស់កូនឱ្យមហាជនបានដឹងនៅឡើយទេ ហើយឈ្មោះរបស់កូនអ្នកនាង ក៏អ្នកនាងនៅមិនទាន់បង្ហើបឱ្យដឹងដូចគ្នា។
សូមរំលឹកដែរថា តារាសម្ដែង ទឹម រដ្ឋា បានប្ដូរឈ្មោះពីកញ្ញាក្លាយទៅជាអ្នកនាងរយៈពេល ១ ឆ្នាំហើយ ដោយតារាស្រីរូបនេះ បានរៀបការយ៉ាងអធិកអធមជាមួយស្វាមីជាជនជាតិបរទេសកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ក្រោមវត្តមានសិល្បករ សិល្បការិនីល្បីជាច្រើនចូលរួមផងដែរ៕








