កំពង់ធំ៖ អ្នកសារព័ត៌មានពិការជើងម្ខាងម្នាក់ បានស្លាប់យ៉ាងអណោចអាធម្ម ខណៈកំពុងដេកសុខៗ ត្រូវបានបង្គោលអង្រឹង ផ្នែកខាងចុងជើងរលំមកចំពីលើក្បាល។

ករណីនេះ កើតឡើងកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ស្ថិតត្រង់មុខផ្លូវចូលមកព្រៃសហគមន៍បុស្សលាវ ក្នុងភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

យោងតាមប្រភពពីប្រពន្ធជនរងគ្រោះឲ្យដឹងថា ដោយឃើញទីធ្លានៅទីនេះស្អាត និង ងងុយដេកផងនោះ ប្តីរបស់គាត់ បានប្រើឲ្យគាត់យកអង្រឹងមកចង តែគាត់ហុចអង្រឹងឲ្យប្តីចងខ្លួនឯងទៅ។

 ប្រភពដដែលបន្តទៀតថា នៅពេលដេកភ្លាមនោះមិនទាន់ដួលរលំបង្គោលអីទេ ប៉ុន្តែពេលចូលដេកក្នុងអង្រឹងមួយសន្ទុះក្រោយមក លាន់ស្នូរភឹសៗ ដោយមិនចាប់អារម្មណ៍ថារលំបង្គោលអង្រឹងនោះទេ ស្មានថាផ្ទុះហ្គាសឡាន ។ ភ្លាមនោះប្រពន្ធជនរងគ្រោះស្ទះចេញពីក្នុងឡានមកមើលស្រាប់តែឃើញប្តីរបស់គាត់ ដេកស្តូកនៅនឹងដី បាត់មាត់បាត់កឈឹង សូម្បីតែចលនាបន្តិចក៏គ្មានដែរ ទើបដឹងថាប្តីគាត់បានស្លាប់ទៅហើយ។

 ករណីខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡុច រ៉ែន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុមានតួនាទីនិពន្ធនាយក  បំរើការងារក្នុងអង្គភាពគេហទំព័រ “ស្ពានសន្តិភាព”។ និងប្រពន្ធមានឈ្មោះ យ៉ែម ចន្ធី  អាយុ៦៤ ជនជាតិខ្មែរ រស់នៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

 បន្ទាប់ពីសមត្ថកិច្ចធ្វើកោសលវិច្ច័យទៅលើសាកសពរួចសមត្ថកិច្ចបានបញ្ជាក់ថា ជនរង គ្រោះពិតជាបានស្លាប់ដោយសារបង្គោលអង្រឹងដួលសង្កត់ពីលើ ពិតប្រាកដ បច្ចុប្បន្នសពប្រគលឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ កំពង់ធំ

Share.