ឆ្លងកាត់សវនាការចំនួន៦៦លើក ទីបំផុតទៅ នៅព្រឹកថ្ងៃទី៣​ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមក្នុងសំណុំរឿងលោក កឹម សុខា ដោយសម្រេចផ្ដន្ទាទោសអតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ ឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ។

ខុសពីអ្នកជាប់ទោសឧក្រឹដ្ឋផ្សេងទៀត លោក កឹម សុខា នឹងត្រូវអនុវត្តទោសនៅក្នុងផ្ទះ ប៉ុន្តែលោកគ្មានឡើយ សិទ្ធិសេរីភាពដើរហើរ ជួបភ្ញៀវ ឬជួបអ្នកណាទាំងអស់។ សាលាដំបូងរាជធានីភ្នំពេញ ក៏សម្រចមិនអនុញ្ញាតឲ្យលោក កឹម សុខា ធ្វើនយោបាយដែលជាបំណងប្រាថ្នាធំរបស់លោកនោះដែរ។

គួររម្លឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧កន្លងទៅនេះ ក្រោមការចោទប្រកាន់អំពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ គឺជាបទល្មើសក្បត់ជាតិ មានចែងនិងផ្តន្តាទោសដោយមាត្រា ៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

លោក កឹម សុខា ស្គាល់រសជាតិ​ជាប់​ពន្ធនាគារជាលើកដំបូង​ដំបូង​នៅ​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥។ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៧ លោក កឹម សុខា ក៏បាន​បង្កើត​គណបក្ស​សិទ្ធិមនុស្ស មុននឹងច្របាប់បញ្ចូលគ្នាជាមួយគណបក្សសមរង្ស៊ីកាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២។

លោក កឹម សុខា កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ នៅភូមិដំណាក់សេក ឃុំពពេល ស្រុកត្រាំកក់ ខេត្ត តាកែវ ក្នុងគ្រួសារ ដែលមានសមាជិក១០នាក់។ ផ្អែកលើទោស២៧ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួនមកនោះ តើលោក កឹម សុខា អាចនឹងមានជីវិតដល់ថ្ងៃផុតកំណត់ទោសដែរទេ?

យ៉ាងណាក៏ដោយ ផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា លោក កឹម សុខា នៅមានឱកាសដើម្បីស្នើសុំសម្ដេចតេជោនាយករដ្ឋមន្រ្តី ដើម្បីទូលថ្វាយព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស។ នេះប្រសិនបើលោកព្រមទទួលស្គាល់ទោសកំហុស គ្មានការប្ដឹងផ្ដល់ទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល៕

Share.