កីឡាការិនីជម្រើសជាតិតេក្វាន់ដូកម្ពុជា ឈឿង លីណា បាន​ចាត់ ទុក​ការ​ចូល​រួម​ការ​ប្រកួត​ព្រឹត្តិការ​ណ៍​ស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ ជាការប្រកួតតំណាងឲ្យជាតិ លើកចុងក្រោយរបស់ខ្លួន បន្ទាប់​ពីប្រឡូកក្នុងវិស័យនេះ អស់រយៈពេលជាច្រើនឆ្នាំ។

កីឡាការិនី ឈឿង លីណា បានចូលរួមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមចំនួន២លើក រួច​មក​ហើយ គឺឆ្នាំ២០១៣ ស៊ីហ្គេម មីយ៉ាន់ម៉ា ធ្លាប់ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង និងស៊ីហ្គេម ឆ្នាំ​២០១៧ នៅម៉ាឡេស៊ី មិនទទួលបានមេដាយឡើយ។ បន្ថែមលើសពីការប្រកួតស៊ីហ្គេម កីឡា​ការិនី​ជម្រើស​ជាតិដដែល ធ្លាប់ចូលរួមការប្រកួតកម្រិតពិភពលោក នៅប្រទេសកូរ៉េ ផងដែរ។

សម្រាប់​ស៊ីហ្គេម នៅឆ្នាំ២០២៣វិញ កីឡាការិនីខាងលើ បានចាប់ផ្ដើមហ្វឹកហាត់កាលពីខែកក្កដា ឆ្នាំ​២០២២ មកទល់នឹងពេលនេះ ដោយការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុង​ការ​ហ្វឹក​ហាត់រាល់ថ្ងៃ កីឡាការិនីដ៏ស្រស់សោភាខាងលើ បានផ្ដោតលើការហ្វឹកហាត់ជារួម ក្រោម​ហេតុ​ផល​ថា ខ្លួនមិនទាន់កំណត់ច្បាស់ថា នឹងត្រូវលេង២ ឬ ១វិញ្ញាសាឡើយ។

កីឡាការិនីស្រស់សោភារូប​នេះ ដែលទើបបញ្ចប់ការសិក្សាពីប្រទេសវៀតណាម បាន​និយាយ​បែប​នេះថា «សម្រាប់មេដាយស៊ីហ្គេមឆ្នាំនេះ ខ្ញុំបានគិតហើយថា នឹងទទួលបាន គ្រាន់តែមិនដឹងថា មេដាយ​កម្រិតណា។ ស៊ីហ្គេមឆ្នាំនេះ អាចជាការប្រកួតលើកចុងក្រោយរបស់ខ្ញុំតំណាងឲ្យកម្ពុជា ព្រោះ​ថា ខ្ញុំមានវ័យរាងជ្រេដែរហើយ គឺ២៧ឆ្នាំហើយ។ ក្រោយ​ចប់​ការ​ប្រកួត​តំណាង​ឲ្យ​ជាតិ​នេះ​ទៅ ខ្ញុំគិតថា ចង់ផ្ដោតលើជំនាញរបស់ខ្ញុំវិញ [គឺការងារ]ផ្នែកឱសថ ដែល​ទើប​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​វៀតណាម»។

កីឡាការិនីខាងលើបានបន្ថែមថា សម្រាប់ស៊ីហ្គេមនៅកម្ពុជាលើកដំបូងនេះ ខ្លួន​បាន​តាំង​ចិត្ត​ហ្វឹក​ហាត់​អស់​ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកមេដាយមាស ដែលខ្លួនបានស្រមៃ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺជាការប្រកួតនៅលើទឹកដីរបស់ខ្លួនឯងផងដែរ៕

ប្រភព៖ Cambodia 2023

Share.