អ្នកជំនាញផ្នែកសុខភាពនៅទីក្រុង Charlotte County នៅភាគនិរតីរដ្ឋ ផ្លរីដា បាននិយាយថា ជនរងគ្រោះប្រហែលជាឆ្លងមេរោគស៊ីខួរក្បាលតាមរយៈការលាងជម្រះរន្ធច្រមុះដោយទឹកម៉ាស៊ីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃ សុក្រ ទី ០៣ ខែ មីនា ឆ្នាំ ២០២៣។

មេរោគ Naegleria fowleri ដែលមានសមត្ថភាពឆ្លងដល់ខួរក្បាលតាមរយៈរន្ធច្រមុះ ប៉ុន្ដែមន្រ្តីជំនាញបាននិយាយថា វាមិនមានគ្រោះថ្នាក់អ្វីនោះទេ ប្រសិនបើផឹកទឹកទាំងនោះចូលតាមមាត់ ព្រោះអាស៊ីតនៅក្នុងក្រពះអាចសម្លាប់មេរោគទាំងនេះបាន។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC បានឲ្យដឹងថា អ្នកដែលឆ្លងមេរោគនេះច្រើនតែស្លាប់ ប៉ុន្ដែក្រុមមន្រ្តីមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះឡើយ។

កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ នាយកដ្ឋានសុខភាពនៃរដ្ឋ ផ្លរីដា បាននិយាយថា អ្នកជំងឺម្នាក់បានឆ្លងមេរោគនេះ ជាលទ្ធផលរកឃើញថា ឆ្លងតាមរយៈការលាងសម្អាតចម្រុះជាមួយនឹងទឹកម៉ាស៊ីន ហើយអ្នកជំងឺរូបនេះក៏បានបាត់បង់ជីវិតផងដែរ។

អ្នកនាំពាក្យ លោក Jae Williams បាននិយាយថា «មន្រ្តីនៅទូទាំងភ្នាក់ងាររដ្ឋាភិបាលជាច្រើនកំពុងបន្ដស៊ើបអង្កេតពីរបៀបដែលការឆ្លងនេះបានកើតឡើង»។

លោកបន្ថែមថា មន្រ្តីកំពុងតែធ្វើការជាមួយនឹងឧបករណ៍ផ្គត់ផ្គង់ទឹកសាធារណៈក្នុងតំបន់ ដើម្បីកំណត់អត្តសញ្ញាណតំណដែលមានជាប់ពាក់ព័ន្ធ និង ធ្វើការកែតម្រូវចាំបាច់ណាមួយ។

មេរោគ Naegleria fowleri មានឈ្មោះមួយទៀតថា Brain eating Amoeba ដែលត្រូវបានគេដឹងថា ជាធម្មតាវារស់នៅក្នុងទឹកសាប ដូចជាអាងហែលទឹក បឹងបួរ និង ស្រះទឹកជាដើម។

មេរោគនេះ អាចនាំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើវាចូលតាមច្រមុះ ប៉ុន្ដែវាប្រហែលជាគ្មានបញ្ហាបើផឹកវាចូលតាមមាត់។

អ្នកឆ្លងមេរោគអាចឆ្លងទៅជាជំងឺមួយដែលគេហៅថា Primary amebic meningoencephalitis។ អ្នកដែលឆ្លងមេរោគនេះនឹងចេញរោគសញ្ញាដូចជា ឈឺក្បាល ក្ដៅខ្លួន ក្អួតចង្អោរ វង្វេងវង្វាន់ ឈឺកញ្ចឹងក បាត់បង់លំនឹងក្នុងខ្លួន និង ប្រកាច់ជាដើម។

យោងតាម CDC អាមេរិក បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣នាក់ បានឆ្លងមេរោគនេះជារៀងរាល់ឆ្នាំ ដែលជារឿយៗមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ចន្លោះឆ្នាំ ១៩៦២ និង ឆ្នាំ ២០២១ មានមនុស្សតែ ៤នាក់ ក្នុងចំណោមមនុស្ស ១៥៤នាក់ប៉ុណ្ណោះបានរួចជីវិត នៅពេលដែលបានឆ្លងមេរោគនេះនៅសហរដ្ឋអាមេរិក។

មន្រ្តីបានព្រមានថា ដើម្បីជៀសវាងការឆ្លងមេរោគ មនុស្សមិនគួរលាងសម្អាតច្រមុះដោយទឹកម៉ាស៊ីនដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគឡើយ។ ទន្ទឹមនោះប្រជាជនទាំងអស់ក៏ត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នជាពិសេសនៅពេលងូតទឹក ឬ ហែលទឹក គឺកុំឲ្យវាចូលក្នុងច្រមុះ។

យ៉ាងណាម៉ិញ មន្រ្តីនៅទូទាំងភ្នាក់ងាររដ្ឋាភិបាលកំពុងបន្ដស៊ើបអង្កេតពីរបៀបដែលការឆ្លងនេះ ដើម្បីកំណត់អត្តសញ្ញាណតំណដែលមានជាប់ពាក់ព័ន្ធ និង ធ្វើការកែតម្រូវចាំបាច់ណាមួយ៕

ប្រភព៖ BBC

Share.