សាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS បានរៀបសំព្រឹត្តិការណ៍សំខាន់ៗសម្រាប់សិស្ស និងនិស្សិតនៅខេត្តភាគពាយ័ព្យប្រទេសដ៏សំខាន់២ គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មាននិស្សិតសរុប១៥៥០នាក់ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS និងទទើបទទួលសញ្ញាបត្រកាលពីសប្ដាហ៍មុននេះ។

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជាបានរៀបចំកម្មវិធីប្រគល់សញ្ញា បត្រជូននិស្សិតជ័យលាភី សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូននិស្សិតជ័យលាភី សាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ដែលបានទទួលសញ្ញាបត្រទាំង១ ៥៥០នាក់នោះ មានថ្នាក់បរិញ្ញាបត្ររងចំនួន១៥១នាក់ (នារី៥៩នាក់ ស្មើ៣៩,០៧%) ថ្នាក់បរិញ្ញាបត្រចំនួន១​.១២៦នាក់ (នារី៥៩៥នាក់ស្មើ៥២,៨៤%) និងថ្នាក់​​បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២៧៣នាក់ (នារី៨៨ នាក់ស្មើ ៣២,២៣% )។ និស្សិតទាំងនេះសុទ្ធតែជាធនធានមនុស្សដ៏មានសក្ដានពលរបស់ជាតិ និងកំពុងបំពេញភារកិច្ចការងាររដ្ឋ និង​ឯកជនយ៉ាងសកម្ម។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រី បានមានប្រសាសន៍ថានិស្សិតជ័យលាភីចំនួន១,៥៥០នាក់នេះ ជាធនធានមនុស្សដ៏មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ចូលរួមបំពេញបន្ថែមទៅលើ ការរីកចម្រើនវិស័យផ្សេងៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយអ្នទាំងនេះនឹងត្រូវចេញ ទៅបំពេញការងារតាមជំនាញក្នុងសង្គម តាមរយៈចំណេះដឹង និងចំណេះធ្វើដែលខ្លួន ទទួលបានពីសាកលវិទ្យាល័យ ដោយយកទៅអនុវត្តជាក់ស្តែង និងដកពិសោធន៍ផ្ទាល់ និង សិក្សាស្រាវជ្រាវកែលម្អបន្ថែមទៀតពីអ្នកប្រកបការងារជុំវិញខ្លួន ស្របតាមទិសស្លោក «ការសិក្សារៀនសូត្រគឺធ្វើគ្មានទីបញ្ចប់ទេ»។

សម្ដេចក្រឡាហោមបន្ថែមថាការបណ្ដែតបណ្ដោយមិនព្រមរៀនសូត្របន្ថែមពីមជ្ឈដ្ឋានអ្នកដែលធ្វើការនៅជុំវិញខ្លួនយើង ពិសេសការសិក្សា ចំណេះដឹងផ្នែកបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួននា ននាពេលអនាគត។ សម្ដេចក៏ចាត់ទុកសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា នៅតែជាសាកលវិទ្យាល័យមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការ កសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ទាំងអស់នេះមិនមែនជារឿងសាមញ្ញពេកទ ក្នុងការបោះទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅក្នុងវិស័យអប់រំ តែជាការខិតខំប្រឹងប្រែង ដ៏ល្អមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញគ្រឹះស្ថានសិក្សាឱ្យមកកាន់ តែកៀកលំនៅដ្ឋានប្រជាពលរដ្ឋដើម្បីផ្ដល់លទ្ធភាពដល់យុវជនយើងបានទទួលឱកាស សិក្សារៀនសូត្រឱ្យបានកាន់តែច្រើន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានអបអរសាទរ និងកោតសរសើរ ដោយស្មោះចំពោះសមិទ្ធផលជាផ្លែផ្កានៃការបណ្ដុះបណ្តាលធនធានមនុស្ស ដែលសាកល វិទ្យាល័យឯកទេស នៃកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ និងអបអរសាទរចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងនិស្សិតជ័យលាភីទាំងអស់ ដែលបានព្យាយាមប្រឹងប្រែងអស់កម្លាំងកាយចិត្ត តស៊ូគ្រប់ការលំបាក រហូតសម្រេចបាន ជោគជ័យក្នុងការសិក្សានាថ្ងៃនេះ។

សម្ដេចក៏បានកោតសរសើរ ចំពោះអាណាព្យាបាល លោកឪពុក អ្នកម្តាយ ក្រុមគ្រួសាររបស់និស្សិតជ័យលាភីដែល បានផ្តល់ជាកម្លាំងចិត្ត ជំរុញឱ្យកូនចៅរបស់ខ្លួនបានសិក្សាចប់ចុងចប់ដើម។ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោមបានផ្ដល់ទស្សនាទានថា ប្រទេសជាតិមួយអាចគង់វង្ស ឋិតថេរ និងមានការអភិវឌ្ឍរីកចម្រើនបាន គឺអាស្រ័យដោយសារកត្តាធនធានមនុស្ស របស់ប្រទេសនោះឯង និងបន្តថា បញ្ហារបស់យើងគឺនៅត្រង់ថា តើត្រូវធ្វើដូចម្ដេចឱ្យមនុស្សរបស់ យើងមានជំនាញកាន់តែខ្ពស់ ផលិតភាពកាន់តែខ្ពស់ និងមានចំណូលកើនឡើងជាលំដាប់។ ទាំងនេះជាសំណួរដែលគ្រប់បុគ្គល គ្រួសារ សហគមន៍ សាលារៀន សាកលវិទ្យាល័យ ជាពិសេស លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យត្រូវគិតដោះស្រាយនិងធ្វើសកម្មភាពទាំងអស់ គ្នាអោយបានកាន់តែល្អថែមទៀត។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ក្រៅពីកេរ្តិ៍ដំណែលធម្មជាតិ សមិទ្ធផលទាំងឡាយ លើលោកនេះគឺកើតឡើងពីស្នាដៃរបស់មនុស្ស និងថាថ្ងៃនេះនិស្សិតជ័យលាភីទាំងអស់បាន ក្លាយជាអ្នកមានជំនាញ ហើយអ្វីដែលត្រូវធ្វើបន្ត គឺត្រូវអភិវឌ្ឍជំនាញទាំងនេះអោយ កាន់តែពូកែ អោយកាន់តែស្ទាត់ និងធ្វើការងារអោយសកម្ម នោះអ្នកទាំងអស់គ្នានឹង ទទួលបានជោគជ័យ និងអនាគតល្អ។ ដើម្បីធ្វើឱ្យសម្រេចនូវគោលដៅនេះ សម្ដេចបានស្នើអោយគ្រឹះស្ថានបណ្តុះបណ្តាល និងតួអង្គពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពឆ្ពោះទៅពង្រឹង និងពង្រីកអោយបានកាន់ត ល្អប្រសើរនូវជំនាញខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត អោយបានកាន់តែច្រើន ដើម្បី ចូលរួមអភិវឌ្ឍធនធានមនុស្សប្រទេសយើង បានកាន់តែមានប្រសិទ្ធភាពខ្ពស់។

សម្ដេចបានស្នើសាកលវិទ្យាល័យជួយបន្តកិច្ចសហការ និងផ្ដល់អាហារូបករណ៍ជូនដល់ សិស្សពូកែ សិស្សក្រីក្រ ក៏ដូចជាមន្ត្រីរាជការ ពិសេសលើកទឹកចិត្តអោយសិស្សស្រីមានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សាដូចជាសិស្សប្រុសដែរ និងបានផ្ដាំផ្ញើនិស្សិតជ័យលាភីទាំងអស់ត្រូវយកសមត្ថភាពចំណេះដឹងរបស់ខ្លួននេះ ទៅប្រើប្រាស់ ប្រកបដោយគំនិតច្នៃប្រឌិត មានគុណធម៌ និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយក្រម សីលធម៌ វិជ្ជាជីវៈ និងត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអោយខ្លួនកាន់តែមាន ជំនាញខ្ពស់ក្នុងមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន។

គួររម្លឹកថាកាលពីថ្ងៃទី២៨ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ សាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាខេត្តបាត់ដំបង​ ក៏បានរៀបចំកម្មវិធីធំៗ៣ព្រមគ្នា។ ទី១/កម្មវិធីទទួលដំណើរទស្សនកិច្ចសិក្សារួមមិត្តរបស់និស្សិតមកពីទីតាំងគោលរាជធានីភ្នំពេញ សាខា​ខេត្តសៀម​-រាប និសាខាខេត្តបន្ទាយមានជ័យសរុបប្រមាណ២៥០នាក់។ ទី២/ការរៀបចំសន្និសីទក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់ភាពជោគ​ជ័យ និងឧត្តមានុភាព»។

លោក ហន រតនា ប្រធានក្រុមដឹកនាំដំណើរទស្សនៈ​កិច្ច បានបញ្ជាក់ថា និស្សិតថ្នាក់បរិញ្ញាបត្រ​ ទាំងអស់មានឯកទេសផ្សេងៗគ្នាមកពីទីតាំងគោលរាជធានីភ្នំពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបន្ទាយមានជ័យ បានរួមគ្នាធ្វើដំ​ណើរទស្សនកិច្ចសិក្សាលើកនេះក្នុងគោលបំណងសំខាន់៣គឺ១-ផ្តល់ឪកាស​ដល់និស្សិតបានស្វែងយល់​ពីសក្តានុពលសេដ្ឋកិច្ច  រមណីយដ្ឋានទេសចរណ៍ និងវប្បធម៌ នៅខេត្តបាត់ដំបង។

បើតាមលោក ហេង រតនា សកម្មភាពទាំងនោះរួមមាន ១-ដូចជារមណីយ៍ដ្ឋាន ភ្នំសំពៅ, រមណីយ៍ ភ្នំបាណន់, ឡរី ជើងភ្នំបាណន់, សួនផ្កាចំការទំពាំងបាយជូ, រមណីយ៍ដ្ឋានភ្នំយាត ២-បង្កើនភាព​ស្និតស្នាល​រវាងនិស្សិតនិង​និស្សិតដែលមកពីទីតាំង​ផ្សេងៗរបស់CUS។ ៣-ផ្សារភ្ជាប់រវាង​ទ្រឹស្តីដែលបានសិក្សានៅក្នុង សាកលវិទ្យាល័យ ទៅនឹងទិដ្ឋភាពជាក់ស្តែង​នៃស្ថានភាពភូមិសាស្រ្ត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកក៏បានលើក​ឡើងផង​ដែរថា​និស្សិតដែលចូលរួមទស្សនកិច្ចរួមមិត្តទាំងអស់ត្រូវចូលរួមកម្មវិធីជប់លៀងសប្បាយរីករាយ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ដែលរៀបចំទទួលយ៉ាងកក់ក្តៅពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យសាខាបាត់ដំបងផងដែរ។

សម្រាប់កម្មវិធីសន្និសីទ CUS ២០២៣ លោក ហឿន សៀងលី នាយកសាខាCUSបាត់ដំបងបានលើកឡើងថា ការរៀបចំសន្និសីទCUS២០២៣ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់ភាពជោគ​ជ័យ និងឧត្តមានុភាព»។

លោកថាកម្មវិធីនេះមានវាគ្មិនល្បីៗមានបទពិសោធន៍ជោគជ័យក្នុងវិស័យការងារសាធារណៈ វិស័យឯកជន និងការបង្កើតមុខរបរចំនួន៦រូបចែករំលែកបទពិសោធន៏ជោគជ័យជូនដល់និស្សិតកំពុងសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​នៅសាខា​ខេត្តបាត់ដំបង ប្រមាណជាង២០០នាក់ ក្នុងការស្វែងយល់និងតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញ​សិក្សា​ឱ្យបាន​ត្រឹមត្រូវ​​​ទៅតាមចំណង់ចំណូលចិត្ត និងការវិវត្តនៃសង្គមជាតិក្នុងយុគ្គសម័យឌីជីថល។  

បើតាមលោក ហឿន សៀលី ក្នុងកម្មវិធីនេះក៏មានការ​ចុះអនុស្សារនយោគយល់គ្នារវាងតំណាងស្ថាប័នផ្សេង ជាមួយសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាខេត្ត​បាត់ដំបងផងដែរ៕

Share.