ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ហេតុតែចង់បានដើមទ្រូងមូលក្លំ ខំទៅកែ បែជាស្លាប់ខណៈដែលក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ នៅក្នុង មជ្ឈមណ្ឌល កែរសម្ជស្ស អន្តរជាតិM25 ស្ថិតនៅផ្ទះលេខ៧៣បេ តាមផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ ឃុន ចន្នី អាយុ៤១ឆ្នាំ មានទីលំនៅភូមិគីឡូ ១២ ឃុំ កោះ តូច ស្រុកទឹកឈូ ខេត្ត កំពត ។ បានបាត់ជីវិត គ្រាដែលក្រុមគ្រូពេទ្យ កំពុងធ្វើការវះកាត់ដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សខាងលើ ។

តាមប្រភពបានឲ្យដឹងថា ស្ត្រីខាងលើហេតុតែចង់ឲ្យស្វាមីកាន់តែនែបនិត្យ និងចង់បង្កើននូវភាពស្រស់ស្អាតបន្ថែមលើសពីសម្រស់ដែលមានពីធម្មជាតិ ក៏បានសុំប្តីថាទៅកែច្រមុះ ឲ្យស្រួចដូចស្រីអុឺរ៉ុប ហើយប្តីក៏យល់ព្រម ដោយជ្រើសរើសយកសេវាកម្មនៅមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិM25 លុះដល់ទៅកែ ប្តូរចិត្ត ចង់កែដើមទ្រូងឲ្យមូលក្លំទៅវិញ ក្នុងបំណងចង់ឲ្យទាក់ទាញអាម្មណ៍ប្តី ផ្ទុយទៅវិញបែជាជួបនូវរឿងអាក្រក់បែបនេះតែម្តង ។

ក្រោយពីកើតមានរឿងបែបនេះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញ សមត្ថកិច្ចអង្គភាពពាក់ព័ន្ធ មន្ទីសុខាភិបាល ចុះទៅពិនិត្យកោសល្យវិច័យ ហើយបានសម្រេចបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ។ ចំណែកសាកសពក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.