ភ្នំពេញ ៖ រថយន្តកូរ៉េដឹករោងការមួយគ្រឿង បើកបរល្បឿនលឿនរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចូលវាលស្រែ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ខាងលិចស្ពានសាក់សំពៅ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េពណ៌ស ទ្រុង ដឹករោងការ ជិះគ្នា៤នាក់ ស្រី១នាក់ បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ល្បឿនលឿន លុះដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង រេចង្កូតជ្រុលធ្លាក់ផ្លូវ ក្រឡាប់ផ្ងារចូលក្នុងវាលស្រែ ចាក់សម្ភារៈ អីវ៉ាន់សម្រាប់ដំឡើងរោងការចោលពេញស្រែ រងរបួសធ្ងន់ ប្រុស២នាក់ ស្រាល២នាក់ ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅ ចំណែករថយន្តត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.