ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើាកម្មភាពដោយយកកូនកាំបិតចុងស្រួចភ្ជង់ប្លន់យកម៉ូតូ ពីយុវជនសិស្សសាលាម្នាក់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រិន ស៊ាវផេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ ម៉ី គឹមម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៣បេ ផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យប្លន់យក ម៉ាក ស្កុបពី ឆ្នាំ២០២១ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1JI-2229 ។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូកាត់តាមចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ដើរថ្មើរជើង ប្រដាប់ដោយឈើជ្រុង និងកូនកាំបិតចុងស្រួច ស្ទាក់ ដកកាំបិតភ្ជង់គម្រាមយកម៉ូតូ ផ្អើលអ្នកភូមិ ឆោឡោ កម្លាំងនគរបាលខណ្ឌសែនសុខអន្តរាគមន៍ តាមឃាត់បានភ្លាមៗ ។

ក្រោយឃាត់ខ្លួនបាន ជនសង្ស័យនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿង រីឯម៉ូតូត្រូវបាននគរបាលប្រគល់ជូនជនរងគ្រោះវិញហើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.