ភ្នំពេញ ៖ បុរសម្នាក់ក្លែងបន្លំខ្លួនស្លៀកពាក់ឯកសណ្ឋានជាអាវុធហត្ថ មានទាំងអាវុធខ្លីផង ដើរប្រមូល ទារលុយលុយតាមផ្ទះម៉ាស្សា កោសជប់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ។

ជនសង្ស័យមានឈ្មោះ ស៊ី កប ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យខាងលើ បានក្លែងខ្លួន ស្លៀកពាក់ឯកសណ្ឋានជាអាវុធហត្ថ មានដាក់ឈ្មោះថា ហេង សុភក្រ្ក ឋានន្តស័ក្ត អនុសេនីយ៍ឯក កាន់កាប់អាវុធខ្លី០១ដេីម ម៉ាកK54 លេខ១៩៥២ បង់០១ គ្រាប់០៧គ្រាប់ អាឌី១គ្រឿង ស្រោមកាំភ្លើង០១ ម៉ូតូ ០១គ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JV-2940 ដើរធ្វើសកម្មភាព ប្រមូល ទារលុយ លុយតាមផ្ទះ ហាងម៉ាស្សា កោសជប់ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ។ ហើយក្រោយពីទទួលបានព័ត៌មាន ជនសង្ស័យដើរធ្វើសកម្មភាពខុសប្រក្រតី ទើបកម្លាំងអាវុធហត្ថចុះស្រាវជ្រាវ តាមឃាត់ខ្លួនបាន នៅផ្ទះម៉ាស្សា មួយកន្លែង តាមផ្លូវ៣០ម៉ែត្រ ទល់មុខផ្សាបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ រួចនាំយកទៅកាន់ការិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ។

ជនសង្ស័យក្រោយពីសាកសួរនិងកសាងសំណុំរឿងរួច នៅព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ត្រូវបានអាវុធហត្ថបញ្ជូនខ្លួនទៅកាន់តុលាកាក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.