ភ្នំពេញ​៖​ ពិព័រណ៍​ម្ហូប​អាស៊ី​ ឬ​ហៅ​ Asian​ Food​ Festival​ បាន​ក្លាយ​ទៅ​ជា​វេទិកា​សម្រាប់​អ្នក​ទិញ​ និង​អ្នក​លក់​មក​ជួប​ជុំគ្នា​ក្នុង​ទីតាំង​កំណត់​មួយ​នៅ​ Factory​ Phnom​ Penh​ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ដែល​ផលិត​បាន​ក្នុង​ស្រុក​ ក៏​ដូច​ជា​ជំរុញ​ទេសចរណ៍​ និង​ជីវភាព​អាជីវករ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។​ ពិព័រណ៍​នេះ​បាន​វិល​មក​វិញ​ជាមួយ​និង​ភាព​អស្ចារ្យ​ និង​មុខ​ម្ហូប​ដ៏​សម្បូរ​បែប​សម្រាប់​មហាជន​ដែល​បាន​អញ្ជើញ​មក​ភ្លក្ស​ពិសា​។​

ស្តង់​លក់​អាហារ​ចម្រុះ​រាប់រយ​ស្តង់​បានដាក់​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​យ៉ាងត្រៀ​ប​ត្រា​ពាសពេញ​បរិវេន​អតីត​អគារ​រោងចក្រ​ ដែល​ផលិតផល​ទាំង​នោះ​រាប់​តាំង​ពី​ផលិតផល​មុខ​ម្ហូប​ ភេសជ្ជៈ​ សេវាកម្ម​ និង​វត្ថុ​អនុស្សាវរីយ៍​ជា​ដើម​ ដែល​ភាគច្រើន​គឺ​ជា​អាហារ​ក្នុង​ស្រុក​ និង​ប្រទេស​ដែល​មាន​នៅ​ក្នុង​តំបន់​អាស៊ី​ដូចជា​ ថៃ​ ម៉ាឡេស៊ី​ សិង្ហបុរី​ ឥណ្ឌា​ កូរ៉េ​ ជប៉ុន​ ឥណ្ឌូនេស៊ី​ វៀតណាម​ ចិន​ ជា​ដើម​។​

​អាជីវករ​ម្នាក់​ដែល​បាន​ចូលរួម​ដាក់​តាំង​បង្ហាញ​មុខ​ម្ហូប​ និង​ផលិត​របស់​ខ្លួន​ក្នុង​ពិព័រណ៍​នេះ​ បាន​បង្ហាញ​នូវ​សេចក្ដី​សោមនស្ស​និង​សាទរ​ចំពោះ​ការ​ទទួល​យក​ឱកាស​ចូលរួម​ផ្សព្វ​ផ្សាយ​ពី​អាហារ​ និង​ផលិត​ដែល​មាន​នៅ​ក្នុង​ហាង​របស់​ខ្លួន​។ ជា​ការ​ពិត​ណាស់​ ពិព័រណ៍​ម្ហូប​អាស៊ី​ គឺ​មាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​ ២០០២​មក​ម្ល៉េះ​ ហើយ​នេះ​គឺ​ជា​លើក​ទី​ ៤​ហើយ​ពិព័រណ៍​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ដើម្បី​ស្ដារ​ជីវភាព​អាជីវករ​ឡើង​វិញ ពី​បន្ទាប់​ជួប​វិបត្តិ​គ្រោះ​កូវីដ​១៩​ អស់​រយៈ​ពេល​ ២​ឆ្នាំ​មក​នេះ​។​

សូម​ជម្រាប​ថា​ ពិព័រណ៍​ម្ហូប​អាស៊ី​ ឬ​​ Asian​ Food​ Festival​ គឺ​ជា​កម្មវិធី​ដ៏​ធំ​មួយ​នៅ​គម្រោង​ Urban​ Village​ និង​ Factory​ Phnom​ Penh​ ក្នុង​គោល​ដៅ​ជា​ផ្នែក​មួយ​ជំរុញ​ដល់​​ការ​ផ្សព្វផ្សាយ​ពី សិល្បៈ​ វប្បធម៌​ អរិយ្យធម៌​ ម្ហូប​ ភាសា ​ជនជាតិ​ នៃ​បណ្តា​ប្រទេស​នៅ​អាស៊ី​ ក៏​ដូច​ជា​ប្រទេស​ជា​សមាជិក​អាស៊ាន​ឱ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​។​

សូម​រីករាយ​ជាមួយ​នឹង​ការ​ចែក​រំលែក​វប្បធម៌​ ការ​សម្តែង​ជា​ច្រើន​ដ៏​អស្ចារ្យ​ រួម​ទាំង​កន្លែង​ថត​រូប​ស្អាត​ៗ និង​ល្បែង​កម្សាន្ត​ជា​ច្រើន​ទៀត​ក្នុង​ពិព័រណ៍​ម្ហូប​អាស៊ី។ សូម​កុំ​ភ្លេច​មក​ភ្លក្ស​មុខ​ម្ហូប​ឆ្ងាញ់​ៗ​ ជា​ច្រើន​ដែល​មាន​ក្នុង​កម្មវិធី​ នៅ​ថ្ងៃ​ទី​៤​ និង​៥​ ខែ​មីនា​ ឆ្នាំ​២០២៣​ ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​ រហូត​ដល់​ ៩​យប់​ នៅ​ Factory​ Phnom​ Penh​៕

Share.