សិល្បៈ​ជាតិ​៖ មហាជន​អ្នក​គាំទ្រ​ការ​ប្រកួត​ Miss​ Universe​ Cambodia​ មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ខណៈ​ទទួល​បាន​ដំណឹង​ថា​ ស្ថាប័ន​ Miss​ Universe​ មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ CIM​ បន្ត​អាជ្ញាប័ណ្ណ​ថ្មី​ក្នុង​ការ​រៀបចំ​កម្មវិធី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​។​

ក្នុង​នោះ​ដែរ​ ក្រុមហ៊ុន​ CIM​ ដែល​ជា​ស្ថាប័ន​រៀបចំ​កម្មវិធី​ប្រកួត​ Miss​ Universe​ Cambodia​ បាន​ចេញ​សេចក្ដី​ប្រកាស​ជា​សាធារណៈ​ថា​ ៖​ «​ពាក្យ​ស្នើសុំ​សិទ្ធិ​ផ្តាច់​មុខ​រៀបចំ​កម្មវិធី​ Miss​ Universe​ Cambodia​ តាមរយៈ​ក្រុមហ៊ុន​ Cambodia​ International​ Models​ (​CIM​) មិន​ត្រូវ​បាន​អនុម័ត​ ឬ​ យល់​ព្រម​ដោយ​ស្ថាប័ន​ Miss​ Universe​ ទៀត​ឡើយ​ ពោល​គឺ​ក្រុមហ៊ុន​ CIM​ ពុំ​ទទួល​បាន​សិទ្ធិ​នៃ​ការ​រៀបចំ​បន្ត​ទៀត​នោះ​ទេ​។​ ឆ្លៀត​ក្នុង​ឱកាស​នេះ​ ក្រុមហ៊ុន​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ដៃ​គូ​សហការ​ ដៃ​គូ​ឧបត្ថម្ភ​ អ្នក​គាំទ្រ​ និង​ បេក្ខជន​ទាំង​អស់​ ដែល​បាន​ផ្តល់​ជា​កម្លាំង​ចិត្ត​ក្នុង​ការ​ដំណើរ​ការ​កម្មវិធី​ប្រកួត​រយៈ​ពេល​ ៦​ ឆ្នាំ​កន្លង​មក​នេះ​។​ ដោយ​ឡែក​ ក្រុមហ៊ុន​ CIM​ នឹង​បន្ត​ធ្វើ​ការ​លើ​កម្មវិធី​ប្រកួត​ និង​ ផ្តល់​ឱ្យ​ស្ត្រី​កម្ពុជា​នូវ​វេទិកា​ដែល​ពួក​គេ​អាច​បង្ហាញ​ការ​តស៊ូ​មតិ​ បញ្ចេញ​ហេតុផល​ពាក់ព័ន្ធ​ និង​ បង្ហាញ​ពី​វប្បធម៌​ ធម្មជាតិ​ និង​ អត្តសញ្ញាណ​របស់​ប្រទេសជាតិ​។​ សូម​រង់ចាំ​សម្រាប់​ការ​ផ្លាស់​ប្តូរ​គម្រោង​ក្រុមហ៊ុន​របស់​យើង​ ដោយ​ធានា​ថា​ក្រុមហ៊ុន​នឹង​បន្ត​ការ​បង្ហាញ​កម្មវិធី​ប្រកប​គុណភាព​»​។​

ក្រោយ​មាន​សេចក្ដី​ប្រកាស​ថ្មី​បែប​នេះ ​អ្នកលេង​បណ្ដាញ​សង្គម​ជា​ច្រើន​ទៀត​នៅ​តែ​មន្ទិល​ចំពោះ​ការ​ប្រកួត​ Miss​ Universe​ នៅ​ឆ្នាំ​ថ្មី​នេះ​ តើ​កម្ពុជា​អាច​នឹង​បាត់​មុខ​ពី​វេទិកា​ Miss​ Universe​ ដែរ​ទេ​?​ ប្រសិន​បើ​ក្រុម​ហ៊ុន​ CIM​ មិន​អាច​បន្ត​អាជ្ញាប័ណ្ណ​ថ្មី​ ឬ​ក៏​មាន​អ្នក​កាន់​អាជ្ញាប័ណ្ណ​ថ្មី​ហើយ​តែ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​?​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​លេង​បណ្ដាញ​សង្គម​បាន​បញ្ចេញ​មតិ​ថា​៖

«ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​មែន​ថា​ ម្ចាស់​កម្មវិធី​ Miss​ Universe​ ដែល​ជា​ជនជាតិ​ថៃ​បាន​ផ្លាស់​ប្ដូរ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​អ្នក​គ្រប់​គ្នា​មិន​ធ្លាប់​គិត​ពី​មុន​មក​។ ដោយ​ស្ថាប័ន​ Miss​ Universe​ មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ CIM​ បន្ត​ License​ Miss​ Universe​ Cambodia​ បន្ត​ទៀត​នោះ​ទេ​។​ មិច​បាន​ទៅ​ជា​ចឹង​អស់​ សូម្បី​តែ​វៀតណាម​ជះ​លុយ​ប៉ុន​ហ្នឹង​ហើយ​ក៏​នៅ​តែ​ដូរ​ម្ចាស់​កម្មវិធី​ថ្មី​ដែរ​ លូវ​មក​ដល់​ខ្មែរ​ម្ដង​»​។

ខ្លះ​ទៀត​និយាយ​ថា​ «បើ​គេ​មិន​ឱ្យ​អីចឹង​ច្បាស់​ណាស់​ថា​និង​មាន​អ្នក​ថ្មី​មក​ជំនួស​ ហើយ​គេ​ក៏​ប្រហែល​ជា​រក​បាន​ហើយ​ដែរ​មើល​ទៅ​គ្រាន់​តែ​គេ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ មើល​តែ​វៀតណាម​ ម៉ាឡេស៊ី​ ទៅ​ដឹង​ហើយ​ មិន​ស្រួល​ND​ថ្មី​អាច​មិនមែន​ជា​ជនជាតិ​ខ្មែរ​យើង​ក៏​ថា​បាន​»។

ហើយ​ខ្លះ​ទៀត​ថា​ «​បាន​ន័យ​ថា​Universe​ Organizations​ មិនឱ្យ​CIM​រៀប​ចំការ​ប្រកួត​ Miss​ Universe​ Cambodia​ ទៀត​នោះ​ទេ​ត្រូវ​ការ​អ្នក​គ្រប់គ្រង​ថ្មី​ហើយ​ប្រសិន​បើ​គ្មាន​អ្នក​ទិញ​សិទ្ធ​បន្ត​ពី​CIM​នោះ​ទេ​Cambodia​ ប្រហែល​ជា​បាត់​មុខ​ពី​ Universe​ stage​ ហើយ​»​៕

Share.