ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីប្រពន្ធនាំកូនប្រុស២នាក់រត់ចុះចោល បណ្តាលឲ្យខូចចិត្ត លេបថ្នាំងងុយដេកប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច ចុងក្រោយគេប្រទះឃើញស្លាប់ដោយសារចងក។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើកើតឡើង កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣ នៅផ្ទះលេខQ77 ក្រុមទី៦ ផ្លូវបេតុងលេខ១០៩ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ សេង ចិត្ត្រា ហៅទីន អាយុ២៩ឆ្នាំ មុខរបរដឹកផលិតផលអនឡាញ រស់នៅផ្ទះកើតហេតុ ជាមួយម្តាយ មានស្រុកកំណើត ភូមិបាក់ចិញ្ជៀន ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ជនរងគ្រោះមានប្រពន្ធ និងកូនប្រុស២នាក់ តែរត់ចោលទៅស្រុកកំណើតបាត់ហើយ នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល អស់រយៈពេលជាង១ឆ្នាំមកហើយ ។

បើតាមម្តាយរបស់សពមានឈ្មោះ ម៉ៅ សាម៉ុន ភេទ៦៧ឆ្នាំ មុខរបរលក់បន្លែនៅផ្សារសាមគ្គី បានឲ្យដឹងថា គាត់ជាស្ត្រីម៉េម៉ាយ មានកូនប្រុស៣នាក់ កូនដែលស្លាប់ជាកូនទី២ រស់នៅជាមួយគាត់រាល់ថ្ងៃ ក្រោយប្រពន្ធរត់ចុះចោលអស់រយៈពេលជាង១ឆ្នាំមកនេះ ក្លាយជាមនុស្សខូចចិត្ត ព្យាយាមទៅលេងកូនដែរ តែត្រូវបានខាងប្រពន្ធមិនឲ្យជួប ជេរ ប្រមាថ បណ្តេញចេញ ។ជាក់ស្តែង កាលពី៣ថ្ងៃមុនកើតហេតុ កូនប្រុសគាត់បានទៅសុំលេងកូន ត្រូវបានខាងប្រពន្ធមិនឲ្យជួប។ លុះមកដល់យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ កូនប្រុសលេបថ្នាំងងុយដេកអស់ចំនួន៩គ្រាប់ ប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច ដោយសារគាត់បានដឹងទាន់នាំគ្នាជួយសង្គ្រោះបានទាន់ពេលវេលា។ លុះមកដល់វេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ពេលដែលគាត់វិលត្រឡប់មកពីលក់ដូរវិញ ស្រាប់តែប្រទះឃើញកូនប្រុសចងសម្លាប់ខ្លួន ដោយយកក្រណាត់ស ចងភ្ជាប់នឹងមេដំបូលបន្ទប់ទឹក ស្រែកផ្អើលឆោឡោ ហៅកូនប្រុសក្បែរនោះ អ្នកជិតខាងឲ្យជួយដាក់ទម្លាក់ចុះ ប៉ុន្តែបានហួសពេលទៅហើយ ។

សាកសពបុរសខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាពិតជាសម្លាប់ខ្លួនដោយចងពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យនៅវត្តអារុណវត្តី ក្បែរនោះតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.