ភ្នំពេញ ៖ យុវតីម្នាក់កំពុងស្ថិតក្នុងវ័យសិក្សា ដោយសារសម្ភារៈនិយម យកពេលវេលាដើរលេងតាមជាមួយមិត្តភ័ក្រច្រើនជាការសិក្សា ត្រូវបានជីដូនស្តីបន្ទោសក្នុងន័យអប់រំ ជៀសវាងខ្លាតឆ្ងាយពីសាលា បែជាអន់ចិត្ត ផ្តាច់សង្ខាដោយលេបថ្នាំ ត្រូវបានក្រុមគ្រួសារប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣ នៅផ្ទះលេខ២៤៦ ផ្លូវលេខ៣ បុរីពិភពថ្មីគួរស្រូវ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពយុវតីខាងលើ មានឈ្មោះ ស្រ៊ុន យ៉ាហ្សេនីន អាយុ១៧ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី១២ រស់នៅទីតាំងកើតហេតុខាងលើ ។

បើតាមស្ត្រីឈ្មោះ ប៉ុល ពិលី អាយុ៦៦ឆ្នាំ ត្រូវជាជីដូនរបស់យុវតីខាងលើ រស់នៅផ្ទះកើតហេតុ បានឲ្យដឹងថា ចៅស្រីរបស់គាត់ ចូលចិត្តសម្ភារៈនិយម តាមមិត្តភ័ក្រ គ្នីគ្នា យកពេលវេលាដើរលេងតាមមិត្តភ័ក្រច្រើនជាងការរៀនសូត្រ ការសិក្សាឃើញថាកាន់តែខ្លាតឆ្ងាយពីសាលារៀន ច្រើនលើកច្រើនសារហើយ ស្តីប្រដៅក្នុងន័យអប់រំ ក៏ប៉ុន្តែចៅស្រីមិនស្តាប់តាមការទូន្មានប្រៀនប្រដៅសោះ យកការដើរលេងតាមមិត្តភ័ក្រជាធំ ។

ជីដូនបន្តទៀតថា ស្រាប់តែនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ចៅស្រីរបស់គាត់ មិនគិតថាខ្លួនជាស្រី វេលាយប់ទៅហើយក្តី បម្រុងចេញទៅដើរលេងតាមមិត្តភ័ក្រទៀត ត្រូវបានគាត់ហាមឃាត់ រារាំងខ្ទប់ទ្វារមិនឲ្យចេញក្រៅផ្ទះ បែជាហ៊ានមាត់តូច មាត់ធំសម្តីធ្ងន់ដាក់ជីដូន ទោះជាចៅស្រីស្រដីថ្លោសបែបណាក្តី យាយធ្វើដើម្បីចង់ឲ្យចៅល្អ ។ ក្រោយពីចេញក្រៅផ្ទះមិនបាន ចៅស្រីឡើងទៅសង្ងំក្នុងបន្ទប់ជាន់លើបាត់ លុះរហូតដល់វេលារសៀលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣ មិនឃើញចៅស្រីចុះរកបាយទឹក ក៏ឡើងទៅតាមហៅ មិនសូរឆ្លើយ រុញទ្វារចូលមើល ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ នៅក្បែរខ្លួនឃើញសុទ្ធតែសំបកថ្នាំងងុយដេក ទើបសន្និដ្ឋានថាចៅស្រីសម្លាប់ខ្លួនដោយលេបថ្នាំងងុយដេកជាច្រើនគ្រាប់។

សពយុវតីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យនៅវត្តព្រែកថ្លឹងតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.