បន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែកសិស្សសាលាប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តALPHARDបើកបុករះម៉ូតូ២គ្រឿង ហើយបន្តបុកចូលរោងប៉ះកង់ឡាន ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ មុខខ្លោងទ្វារវត្តដុងអារញ្ញ ស្ថិតនៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះស្លាប់នៅកន្លែង ឈ្មោះ អ៊ុយ វៀត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S-8232 ។ ចំណែកជនរងគ្រោះធ្ងន់ ឈ្មោះ ប៉ាល់ បូឡា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅក្នុង ភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីនាំ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ1K-3024 រួមដំណើរដោយឈ្មោះ យី ស្រីនាប ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសន្ដិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ រីឯភាគីខាងរថយន្តបង្ក ម៉ាកALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BG 8088 បើកបរដោយ ឈ្មោះ ម៉ែន តិកលាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុរថយន្តបើកពីលិចទៅកើត ជ្រុលទៅបុកម៉ូតូសិស្សសាលាប្រុសស្រី២នាក់ បើកពីកើតទៅលិច ហើយឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់២នាក់ រថយន្តរេចង្កូតទៅទៅបុកម៉ូតូ ជិះដោយបុរសម្នាក់ ពីកើតទៅលិច រុញផ្ទប់បុកចូលរោងប៉ះកង់រថយន្ត បណ្តាលឲ្យស្លាប់បុរសម្នាក់ សម្ភារៈ ម៉ាសុីន ធុងខ្យល់ ប៉ើងរប៉ាត់រប៉ាយ រថយន្តខ្ទេចផ្នែកខាងមុខ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចចុះទៅ ពិនិត្យវាស់វែង យករថយន្តនិងម៉ូតូ២គ្រឿង រួមទាំងឃាត់ខ្លួនអ្នកបើកបរផង ទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.