ពីវេទិកាអធិបតីនៃពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជានាយករដ្ឋមន្រ្តីចាស់វស្សាក្នុងប្រវត្តិសាស្រ្តកម្ពុជា បានចែករំលែកទស្សនាទានស្ដីអំពីវាល៣។

សម្ដេចបានស្នើសុំការអភ័យទោសទុកជាមុន ចំពោះការផ្ដល់ទស្សនាទានអំពីពាក្យវាល៣។ វាល៣ សម្រាប់សម្ដេចតេជោ គឺ សំដៅដល់ វាលសង្គ្រាម វាលអត់ឃ្លាន និងវាលជំងឺដង្កាត់។ អត្ថន័យពាក្យវាល៣នេះ ត្រូវបានសម្ដេចពន្យល់ដោយលើកឧទាហរណ៍ជាក់ស្ដែងនៅប្រទេសកម្ពុជាតែម្ដង។ សម្ដេចបានអះអាងថាពលរដ្ឋកម្ពុជា បានឆ្លងផុតវាល២ហើយ គឺវាលសង្គ្រាម និងវាលអត់ឃ្លាន ដែលជាបទពិសោធន៍ដ៏វេទនានិងលំបាកបំផុត។

ចំណែកវាលចុងក្រោយ គឺវាលជំងឺដង្កាត់ សម្ដេចបានមានប្រសាសន៍ទាញការកត់សម្គាល់ថាវាលចុងក្រោយនេះ មិនងាយនឹងមនុស្សជាតិឆ្លងផុតឡើយ ពោលគឺក្នុងនោះរាប់ទាំងពលរដ្ឋកម្ពុជាដែរដែលក៏មិនអាចឆ្លងផុតពីវាលទី៣នេះ។ និយាយដល់វាលជំងឺដង្កាត់ សម្ដេចរំលឹកអំពីការកើតមានជំងឺឆ្លងប្លែកៗជាបន្តបន្ទាប់រាប់ទាំងចុងក្រោយគឺករណីជំងឺកូវីដ-១៩។ នេះមិនរាប់ពីជំងឺតាមន័យព្រះសម្មាសម្ពុទ្ធដែលត្រាស់សម្ដែងថាមានរូបគឺមានទុក្ខ។

មែនទែនទៅពាក្យវាល៣នេះ ត្រូវបានចាស់ព្រឹទ្ធាចារ្យខ្មែរនិទានឡើងដោយភ្ជាប់នឹងពាក្យថាវាល៣អន្លង់៤ និងបានផ្ដល់និយមន័យខ្លះប្រហាក់ប្រហែលគ្នា និងខ្លះក៏ផ្សេងៗគ្នាដែរ ប៉ុន្តែរាល់ការផ្ដល់ទស្សនាទានសុទ្ធតែផ្ដល់និយមន័យបែបអប់រំល្អៗ។ បើតាមព្រះគ្រូ ហាក់ សៀងហៃ វាល៣នេះ មិនមែនជាពាក្យព្រះសម្មសម្ពុទ្ធនោះទេ ប៉ុន្តែជាពាក្យចាស់បូរាណខ្មែរ មានការបកស្រាយច្រើនន័យ ដើម្បីអប់រំអ្នកជំនាន់ក្រោយ។

ក្រៅពីទស្សនាទានដូចការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក៏មានការផ្ដល់និយមន័យផ្សេងទៀតដូចបានរាប់ដែរអំពីវាល៣ ដូចជា លោភៈ ទោសៈ មោហៈ ខណៈពាក្យអន្លង់៤ដែលភ្ជាប់នឹងពាក្យវាល៣អន្លង់៤នោះ ក៏ត្រូវបានចាស់ព្រឹទ្ធចារ្យខ្មែរលើកឡើងអំពី វាលកើត វាលចាស់ វាលឈឺ និងវាលស្លាប់ជាដើម។ ការឆ្លងផុតវាល៣អន្លង់៤នេះ សុទ្ធតែជាការនាំមកនូវសេចក្ដីសុខស្ងប់។ ន័យនេះក៏មិនចាកស្ងាយពីអត្ថន័យវាល៣របស់សម្ដេចតេជោដែរ គឺគ្មានសង្គ្រាម គ្មានការអត់ឃ្លាន និងជំងឺដង្កាត់ក៏ជាហេតុនាំឱ្យមានសេចក្ដីសុខដែរ៕

Share.