ឡើងកាន់មុខតំណែងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមមិនទាន់បាន១សប្ដាហ៍ផង ឯកឧត្តម Vo Van Thuong ក៏ត្រូវទទួលភ្ញៀវបរទេសដែលមកបំពេញទស្សនកិច្ច។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺជាឥស្សរជនបរទេសទី១ដែលឯកឧត្តមប្រធានរដ្ឋថ្មីទទួលជួបសម្ដែងការគួរសម។ នេះបើតាមខ្លឹមសារព័ត៌មានបង្ហោះផ្សាយលើផេកហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ជំនួបរវាងសម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម Vo Van Thuong ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើឡើងកាលពីថ្ងៃសៅរ៍ទៅ៤ ខែមីនា។ ឯកឧត្តមប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចក្រឡាហោម និងគណៈប្រតិភូ ដែលជាភ្ញៀវបរទេសដំបូងក្រោយការឡើងកាន់មុខតំណែងរបស់ឯកឧត្តម។ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអនុញ្ញាតជូនសម្ដេច និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមនាឱកាសននេះ។

ឯកឧត្តម Vo Van Thuong ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងឆ្នាំ២០២២ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានរដ្ឋ ក៏បានបង្ហាញការសង្ឃឹមជឿជាក់ថា ក្រសួងទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទទួលបានលទ្ធផលប្រសើរថែមទៀត។

ក្រៅពីជួបប្រធានរដ្ឋវៀតណាម សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូក៏បានចូលជួបសម្ដែងការគួរសម ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជំនួបជាមួយប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តីវៀតណាម​ បានធ្វើឡើងបន្ទាប់ពីសម្ដេចបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។

នាឱកាសនៃកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម បានបង្ហាញសុទិដ្ឋិនិយមចំពោះផែនការសហប្រតិបត្តិការនាឆ្នាំថ្មីខាងមុខនេះ ដោយមានក្ដីរំពឹងថា នឹងកាន់តែមានលទ្ធផលល្អប្រសើរថែមទៀត និងបានចុះហត្ថលេខា លើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់ អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ។

ដោយឡែក នារសៀលថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅមហាវិទ្យាល័យបង្ការ និងពន្លត់អគ្គិភ័យ។

មុនអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមនគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃគ្រឹះស្ថានបណ្ដុះបណ្ដាលនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីស្ដាប់របាយការណ៍ទូទៅ ពិសេសលើការងារអប់រំ និងបណ្ដុះបណ្ដាលនគរបាលកម្ពុជា ព្រមទាំងស្វែងយល់អំពីបទពិសោធថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនសិក្ខាកាមអំពីសារៈសំខាន់ស្នូលនៃដំណើរទស្សនកិច្ចរបស់សម្ដេច និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ។ សម្ដេចបញ្ជាក់ថាក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម តែងរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំជារៀងរាល់ឆ្នាំ។

សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះសិក្ខាកាមនគរបាលជាតិកម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងទ្រឹស្ដី និងអនុវត្តការហ្វឹកហាត់ជាក់ស្ដែងលើមុខជំនាញដែលសាលា និងសាស្ត្រាចារ្យវៀតណាមបានអប់រំ និងបណ្ដុះបណ្ដាល។

សម្ដេចមានប្រសាសន៍ថាការខិតខំប្រឹងប្រែងសិក្សារៀនសូត្រត្រូវតែបន្តគ្មានទីបញ្ចប់ និងថាក្រៅពីសាលារៀននោះ កន្លែងបំពេញភារកិច្ចទាំងនៅការិយាល័យ និងមូលដ្ឋានក៏ជាសាលារៀនដែរ។សម្ដេចក៏បានផ្ដល់អនុសាសន៍ណែនាំសិក្ខាកាមទាំងអស់បង្កើនការគោរពវិន័យសាលាឱ្យបានត្រឹមត្រូវ ហើយជាមួយគ្នានេះត្រូវបន្តរក្សាភាពអត់ធ្មត់ តស៊ូ និងព្យាយាមសិក្សារៀនសូត្រឱ្យបានពូកែ និងស្ទាត់ជំនាញ ទាំងទ្រឹស្ដី និងការហ្វឹកហាត់ជាក់ស្ដែង។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលក្នុងជួរកងកម្លាំងនគរបាលជាតិ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅប្រទេសវៀតណាម។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងក្នុងនាមក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណរដ្ឋាភិបាល និងក្រសួងនគរបាលវៀតណាម ព្រមទាំងសាស្ត្រាចារ្យ និងគ្រូនគរបាលនៃប្រទេសវៀតណាម ដែលបានផ្ដល់ការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការ និងបណ្ដុះបណ្ដាលនគរបាលជាតិកម្ពុជាទាំងនាពេលកន្លងមក នាពេលនេះ និងគម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

សម្ដេចឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន រួមមានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម ធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនឡើងវិញ ការរៀបចំការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ដោយជោគជ័យ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធដោយជោគជ័យ ព្រមទាំងការឈានទៅរៀបចំព្រឹត្តិការណ៍សុីហ្គេម អាស៊ានប៉ារ៉ាហ្គេមវាប្រវត្តិសាស្ត្រ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។

សូមបញ្ជាក់ថាមុខជំនាញដែលសិក្ខាកាមនគរបាលកម្ពុជាកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមានផ្នែកសន្តិសុខ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្នែកបច្ចេកទេសអេឡិចត្រូនិក ផ្នែកបង្កានិងពន្លត់អគ្គិភ័យ ផ្នែកពន្ធនាគារ និងផ្នែកបច្ចេកវិទ្យានិងទូរគមនាគមន៍។ សិក្ខាកាមសរុបមានចំនួន៧៦នាក់។ សម្ដេចក៏បានផ្ដល់អំណោយលើកទឹកចិត្តមួយចំនួនជូនសិក្ខាកាមផងដែរ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី៣ ដល់៥ ខែមីនា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំរវាង ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសម្ដេចក្រឡាហោម នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់ អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕

Share.