ភ្នំពេញ៖ ជនដៃដល់ចា.ក់សម្លា.ប់នារីជាសង្សានៅមុខរោងចក្រខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនដៃដល់បាននៅម៉ោង១​រសៀល ថ្ងៃ៧ ខែមីនានេះ នៅក្នុងការដ្ឋានសំណង់បុរី ខាសុិន ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ​៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុ​កព្រៃនប់ ខេត្តព្រះសីហនុ។ចំណែកជនរងគ្រោះមានឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំ​ណើ​ត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។

មន្រ្តីជំនាញបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់សង្សាររបស់ខ្លួនពិតប្រាកដមែន ដោយសារតែការប្រច័ណ្ឌ​ ខឹងសង្សាររបស់ខ្លួនផឹកសុី​ និងដេកបែកបន្ទប់។

គួររំលឹកថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងជិត១០យប់ ជនដៃដល់បានចាក់សម្លាប់នារីជាសង្សារត្រូវចំក្រោមក្លៀកខាងឆ្វេងចំនួន១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ខណៈពេលចេញពីធ្វើការនៅរោង​ចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចជនដៃដល់បានព្យាយាមគេចខ្លួនបាត់ រហូតដល់ថ្ងៃទី០៧ខែមីនា ឆ្នាំ២០២៣ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ចាត់ការតាមនិតិវិធី៕

អត្ថបទ៖ ព្រះសីហនុ

Share.