សិល្បៈជាតិ៖ នៅព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសជូនចំពោះជនរួមជាតិ និងជាសារមួយឆ្លើយតបនឹងវិវាទរវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធបំណងបង្ហាញ ផ្សព្វផ្សាយពីសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍សង្ក្រាន្តរបស់ក្រុមហ៊ុន NNP ។

កន្លងមកនេះ លោកស្រី ទ្រី ដាណា បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ជាសាធារ​ណៈ ដោយចោទទៅលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា បានបង្កការលំបាក​ដល់ខ្លួន ក្នុងការសុំអនុញ្ញាតរៀបចំថតបង្ហាញពីឈុតសម្លៀកបំពាក់បែបបុរាណនៅតំបន់អង្គរក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍សង្ក្រាន្តក្រុមហ៊ុន NNP ដែលខ្លួនគ្រោងចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ។

ក្នុងនោះដែរ មន្ត្រីក្រសួងវប្បធម៌បំភ្លឺតបវិញថា ក្រសួងមិនមានចេតនាបង្កការលំបាក ឬបន្ទុចបង្អាក់លើបំណងនោះឡើយ។ តែអ្វីដែលនាំឱ្យមានការយឺតយ៉ាវក្នុងការឆ្លើយតបនោះ គឺក្រសួងត្រូវការពិនិត្យផ្ទៀងផ្ទាត់ ធ្វើយ៉ាងណាកុំឱ្យការបង្ហាញឈុតសម្លៀកបំពាក់នោះខុសនឹងទម្រង់ និងបែបបទរបស់ខ្មែរ។ ក្រសួងបានបញ្ជាក់ថា ទម្រង់សម្លៀកបំពាក់ដែលលោកស្រី ទ្រី ដាណា ចង់បង្ហាញនោះ គឺមានការខុសឆ្គងមួយចំនួន ដែលតម្រូវឱ្យមានការកែសម្រួល។

នៅក្នុងថ្ងៃទី ៨ ខែមីនា ចំថ្ងៃទិវាសិទ្ធនារីអន្តរជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារ សង្កត់​ធ្ងន់​ថា​ ៖ «…លោកស្រី ទ្រី ដាណា គួរតែត្រូវ មិនត្រូវបន្ទោសជាមួយនឹងភាពតឹងតែងរបស់ក្រសួង ភាពតម្រូវមិនមែនជាការតឹងតែងទេ តែជាការតម្រូវឱ្យគោរពនៃច្បាប់ដើម ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានភារៈកិច្ចនឹងធ្វើបែបនោះ។…សង្ឃឹមថាលោកស្រីនឹងយល់ពីបញ្ហានេះ..។… ខ្ញុំព្រះករុណខ្ញុំនៅតែសង្កត់ធ្ងន់ថា ការតាំងបង្ហាញនិងផ្សព្វផ្សាយពីវប្បធម៌ខ្មែរ គឺជារឿងត្រឹមត្រូវ ជារឿងដែលល្អ ប៉ុន្តែការតាំងបង្ហាញដែលខុសក្បួនខ្នាតគឺស្មើនឹងបំផ្លាញ។ ដូច្នោះសូមយកចិត្តទុកដាក់ទៅលើបញ្ហានេះ ព្រោះនេះជាសម្បត្តិវប្បធម៌ជាតិ…»៕

សូមស្ដាប់សារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់បងប្អូនជនរួមជាតិ ពិសេសជូនលោកស្រី ទ្រី ដាណា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ទាំងស្រុង៖

Share.