គិតត្រឹម​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២៣ មានប្រទេសចំនួន៥ ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​លើ​ប្រភេទ​កីឡាគុនល្បុក្កតោ ជាមួយម្ចាស់ក្បាច់គុនកម្ពុជា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។​

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា៖ «ប្រទេស​ចំនួន​៥​ហើយ ដែលបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមប្រកួតកីឡាគុនល្បុក្កតោ ក្នុង​ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ រួម​មានប្រទេសវៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន និង​ឥណ្ឌូ​ណេ​ស៊ី រួមទាំងម្ចាស់ផ្ទះក្បាច់គុន និងជាម្ចាស់ផ្ទះ កម្ពុជា សរុបគឺ៦ប្រទេស»។

លោក អ៊ួ តារា បាន​បន្ថែម​ថា៖ «មុនឈានដល់ការប្រកួតធំនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នា​ខែឧសភា គឺម្ចាស់ផ្ទះកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ចំនួន២ គឺទី១ វគ្គ​បណ្តុះ​បណ្តាល​អា​ជ្ញា​កណ្តាល​ចៅក្រមអន្តរជាតិ គុនល្បុក្កតោ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់​មកយើងបន្តទៅរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ​២០២៣ (The First Kun Borkator SEA Championship 2023) ដែលគ្រោងនឹងធ្វើពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣»។

ជាមួយគ្នានេះ លោកអគ្គលេខារងរូបនះក៏បានបន្ថែមទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាល និងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១នេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីត្រៀមខ្លួនឱ្យកាន់តែល្អប្រសើរ ក្នុងការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា បញ្ជីវិញ្ញាសាដែលបានកំណត់ជាផ្លូវការលើប្រភេទកីឡាគុនល្បុក្កតោ ក្នុង​ប្រភេទ​យុទ្ធ​គុន​ចម្រុះ គឺមានចំនួន១៦វិញ្ញាសា ក្នុងនោះប្រភេទវិញ្ញាសាសម្តែងមានចំនួន៧ (ឯកត្តជន-ក្រុម) ខណៈ​វិញ្ញាសាប្រយុទ្ធមានចំនួន៩ រួមមានផ្នែកបុរសលើប្រភេទទម្ងន់ ៥០គ.ក ៥៥គ.ក ៦០គ.ក ៦៥គ.ក និង៧០គីឡូក្រាម។ រីឯផ្នែកនារី មានប្រភេទទម្ងន់ ៤៥គ.ក ៥០គ.ម ៥៥គ.ក និង​៦០គីឡូក្រាម៕

ប្រភព៖ Cambodia 2023

Share.