រឿង​រ៉ាវ​​ល្បី​ផ្អើ​ល​ទីក្រុង​ ជនជាតិ​ចិន​យក​សត្វ​តោ​មក​ចិញ្ចឹម​ក្នុង​ផ្ទះ​ដោយ​ខុស​ច្បាប់​​ដែល​បង្ក​ឱ្យ​មាន​ការ​ខ្លាច​រអា​ រហូត​ឈាន​ដល់​ការ​ចុះ​ដក​ហូត​សត្វ​តោ​យក​ទៅ​ដាក់​នៅ​សួនសត្វ​ភ្នំ តា​ម៉ៅ​ បាន​ក្លាយ​ជា​រឿង​​ដែល​មហាជន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ជជែក​វែក​ញែក​គ្នា​ច្រើន​លើ​បណ្ដាញ​សង្គម​ ដោយ​មានមតិ​ខ្លះ​បាន​យល់​ស្រប​ចំពោះ​ការ​យក​សត្វ​តោ​ ដែល​ជា​ប្រភេទ​សត្វ​ព្រៃ​ឱ្យ​ទៅ​រស់​នៅ​ក្នុង​ព្រៃ​តាម​ធម្មជាតិ​របស់វា​ ខណៈ​ដែល​សំឡេង​មួយ​ភាគី​ទៀត​ បែរ​ជា​បង្ហាញ​នូវ​ការ​អាណិត​អាសូរ​ចំពោះ​សត្វ​តោ​ ដែល​ធ្លាប់​បាន​ចិញ្ចឹម​បីបាច់​​យ៉ាង​ល្អ​ និង ​ផ្ដល់​ភាព​កក់​ក្ដៅ​ ជំរក (​មាន​បន្ទប់​មាន​ពូក)ចំណី​អាហារ (ចម្អិន​ឆ្អិន) ​មិន​ឱ្យ​ខ្វះ​ ​ម្យ៉ាង​វិញ​ទៀត​នៅ​ពេល​យក​​វា​ទៅ​ព្រលែង​ឱ្យ​ទៅ​រស់​នៅ​ក្នុង​សួន​សត្វ​នោះ​ សត្វ​តោ​បាន​បង្ហាញ​សញ្ញា​ក្រៀម​ក្រំ​ ព្រម​ទាំង​មិន​ព្រម​ទទួល​ទាន​ចំណី​ដែល​បាន​ដាក់​ឱ្យ​បរិភោគ​នោះ​ឡើយ​។

សូមចុច​អាន អាជ្ញាធរ ចុះដកហូតសត្វតោឈ្មោលមួយក្បាល ពីជនជាតិចិន

យ៉ាង​ណា​មិញ​កាល​ពី​ល្ងាច​ម្សិលមិញ​ នៅ​ពេល​រូបភាព​ដែល​ម្ចាស់​ជាជនជាតិ​ចិន​បាន​ទៅ​លេង​សត្វ​តោ​នោះ​ភ្នំ តា​ម៉ៅ​ សត្វ​តោ​និង​ម្ចាស់​ឱប​ក្រសោប​​គ្នា​ហាក់​បង្ហាញ​ពី​ការ​នឹក​រលឹក​​ត្រូវ​បាន​បង្ហោះ​ និង​ ចែក​រំលែកយ៉ាង​គគ្រឹកគគ្រេង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៀត​នោះ​​​ កាន់​តែ​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ​ហើយ​ បាន​បញ្ចេញ​នូវ​ទស្សនៈ​អាណិត​អាសូរ​ និង​ ចង់​ឱ្យ​សត្វតោ​នោះ​បាន​វិល​ត្រលប់​ទៅ​ផ្ទះ​ និង​ជួបជុំ​ជាមួយ​នឹង​ម្ចាស់​ ក៏​ដូច​ជា​សត្វ​ឆ្កែ​ ​ដែល​ជា​មិត្ត​សម្លាញ់​របស់​​គេ​វិញ​។​

សូម​ចុច​អាន​ ម្ចាស់តោបញ្ជាក់ច្បាស់ៗថា «ខ្ញុំទទួលយកការពិន័យរបស់រដ្ឋតែខ្ញុំស្នើយកតោត្រឡប់មកវិញ»

ក្នុង​ចំណោម​អ្នក​បញ្ចេញ​មតិ​ យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​ចង់​ឱ្យ​សត្វតោ​បាន​ត្រលប់​មក​ផ្ទះ​វិញ​នោះ​ ​ឃើញ​ថា​តារា​ចម្រៀង​ល្បី​កញ្ញា​ ​សុខ ​ពិសី​ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ ​សាន់ដេ​ ​ដែល​ជា​អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​ និង​មាន​ចិញ្ចឹម​ឆ្កែ​ផង​ដែរ​នោះ​ ​ក៏​ជា​អ្នក​គាំទ្រ​មួយ​រូប​នូវ​​្ការ​លើក​ឡើង​នេះដែរ​​ ព្រោះ​កញ្ញា​ បាន​បង្ហោះ​សំណេរ​ស្នើ​សុំ​ឱ្យ​សត្វ​តោ​នោះ​បាន​ត្រលប់​មក​ជួប​ជុំ​ម្ចាស់​​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មិថុន​ា ឆ្នាំ​២០២១​នេះ​​ តាម​រយៈ​ការ​ស៊ែរ​បន្ត (Share) ​នូវ​សំណេរ​ដើម​ របស់​​លោក​​ Qi Xiao ដែល​ជា​ម្ចាស់​តោ​បាន​​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​​របស់​លោក​។

«សូមមេត្តាអនុញ្ញាតអោយតោបានវិលត្រលប់មកផ្ទះវិញផង ព្រោះគេបានកាច់ចង្កូម និង ក្រចកអស់ហើយ​ បើ​ខុស​ឆ្គង​ សូម​អនុគ្រោះ​» នេះ​គឺ​ជា​ការ​បង្ហោះ​របស់​កញ្ញា​ សុខ​ ពិសី​

​សំណេរ​កញ្ញា​ សុខ ពិសី​ ត្រូវ​បាន​ចែករំលែក​ជា​បន្ត​ទៀត​យ៉ាង​ច្រើន​ ក្នុង​នោះ​មានការ​គាំទ្រ​ច្រើន​ចំពោះ​ការ​លើក​ឡើង​របស់​កញ្ញា​ ប៉ុន្តែ​ក៏​មាន​មតិ​មួយ​ចំនួន​​មិន​បាន​​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​កញ្ញា​នោះ​ទេ​ ដោយ​មានអ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ «ច្បាប់​​មិន​អនុញ្ញាត​នោះ​ទេ»​ ខណៈ​អ្នក​ខ្លះ​ទៀត​ បាន​លើក​ឡើង​ថា​ «ប្រសិន​បើ​បងប្អូន​បារម្ភ​ពី​ទឹក​ដី​ពី​ប្រទេស​ជាតិ​​ ដូច​ទៅ​នឹង​ការ​បារម្ភ​សត្វ​តោ​មួយ​ក្បាល​នេះ​ មិន​ដឹង​ជា​ល្អ​ប៉ុណ្ណា​នោះ​ទេ​»

Telegram-Troryorng
Share.