ពីវេទិកាអធិបតីនៃពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានសំណង់វារីអគ្គីសនី នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតនិយាយលេងជាមួយអង្គពិធីដោយផ្ដាំផ្ញើពាក្យពេចន៍ក្នុងន័យសេចក្ដីថាប្រសិនបើសម្ដេចឈប់ធ្វើនាយករដ្ឋមន្រ្តី ប្រជាពលរដ្ឋខេត្តពោធិ៍សាត់នឹងនៅតែមិនភ្លេចឈ្មោះសម្ដេច។

ក្នុងឱកាសនោះដែរ សម្ដចតេជោ ក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីដំណើរការរៀបចំការបន្តវេនរបស់ថ្នាក់ដឹកនាំវ័យក្មេងផងដែរ។ សម្ដេចបានលើកយកការជូនពរពីឯកឧត្តម ខូយ សុខា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលជូនពរសម្ដេចមានជន្មាយឺនយូរ ដើម្បីធ្វើនាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ មកបញ្ជាក់ដោយចោទជាសំណួរជាមួយសំណើចថា បើមួយអាណត្តិមាន៥ឆ្នាំ តើសម្ដេចមាន៥ឆ្នាំប៉ុន្មានដងទៀត?

មានប្រសាសន៍ដល់រឿងអាយុ សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តរំលឹកដល់គ្រូទាយដែលបញ្ជាក់់ថាសម្ដេចនឹងមានជន្មាយុដល់៩៣ឆ្នាំ ដោយសម្ដេចបញ្ជាក់នូវសំនួរមួយទៀតថា«បើបាន៩៣​ [ឆ្នាំ] ខ្ញុំនៅសល់២២ឆ្នាំទៀត? ប៉ុន្តែនរណាទៅធ្វើ [ការ] ដល់ថ្ងៃងាប់! ទុកឱ្យក្មេងគេធ្វើផង ព្រោះខ្ញុំធ្វើនាយករដ្ឋមន្រ្តីយូរជាងគេនៅលើភពលោក មិនមែនតែយូរជាងគេនៅស្រុកខ្មែរទេ គ្រាន់តែនាយករដ្ឋមន្រ្តីជាង៣៨ឆ្នាំហើយ»។

សូមបញ្ជាក់ថាថ្វីដ្បិតតែសម្ដេចតេជោ ហ៊ុន សែន នៅតែជាបេក្ខភាពនាយកដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ប៉ុន្តែទន្ទឹមគ្នានេះដែរ គណបក្សប្រជាជនកម្ពុជាដែលចាក់គ្រឹះរឹងមាំជាងគណបក្សណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តនយោបាយកម្ពុជា បានឯកភាពគ្នារៀបចំអ្នកបន្តវេនរួចរាល់ហើយ ក្នុងនោះបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត គឺឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៕

Share.