នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបានក្រុមក្មេងស្ទាវ១នាក់ខណៈដែលបក្ខពួកជាង១០នាក់ទៀត គេចខ្លួនបាត់ ក្រោយពីបានយកដុំថ្មគប់ទៅលើយុវជនម្នាក់ពេលកំពុងជិះម៉ូតូនៅតាមផ្លូវុំ

ហេតុការណ៍ការណ៍នេះកើតឡើងនៅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០២:០៥នាទីនៅចំណុចផ្លូវបេតុង ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡា គីមឡាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ចំណែកក្រុមជនសង្ស័យមានគ្នាចំនួន១៥នាក់ ។ក្នុងនោះសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មានឈ្មោះ ចន តុលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅហាងលក់នំប៉័ងយីហោ E-Barkry សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ដុំថ្ម ០១ដុំ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1JR-5027 ។

ជនរងគ្រោះ ត្រូវបានជនសង្ស័យ និងបក្ខពួកយកដុំថ្មគប់ ត្រូវចំទ្រូងខាងឆ្វេងបណ្ដាលឲ្យជាំ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្ដិបានជិះម៉ូតូមួយគ្រឿងចេញពីកម្មវិធីបុណ្យ នៅខេត្តកំពង់ស្ពឺ ឆ្ពោះទៅផ្ទះនៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ នៅពេលជិះម៉ូតូដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញមានបក្ខពួកជនសង្ស័យមួយក្រុមជិះម៉ូតូប្រហែល០៧គ្រឿង មនុស្សប្រហែល១៥នាក់ ជិះបញ្ច្រាស់ទិសគ្នា (លិចទៅកើត) ពេលនោះបក្ខពួកជនសង្ស័យម្នាក់បានគប់ដុំថ្មមួយដុំ ទៅលើជនរងគ្រោះចំដើមទ្រូងខាងឆ្វេង។   

បន្ទាប់ពីជនរងគ្រោះដឹងថាបក្ខពួកជនសង្ស័យគប់ដុំថ្មត្រូវខ្លួនហើយ ក៏ប្រាប់មិត្តភក្ដិហើយនាំគ្នាបើកម៉ូតូគេចខ្លួនតែម្ដង។ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូចូលទៅប៉ុស្ដិ៍បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយមកជនរងគ្រោះបាននាំសមត្ថកិច្ចទៅចង្អុលកន្លែងកើតហេតុ ទើបដឹងថាកើតហេតុក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ស្រាប់តែពេលនោះក៏ឃើញបក្ខពួកជនសង្ស័យកំពុងឈប់ម៉ូតូនៅចំណុចផ្លូវបេតុងមុខភូមិរកាធំ ឃុំបែកចាន ទើបសមត្ថកិច្ចប៉ុស្ដិ៍បឹងធំ បានដេញឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងម៉ូតូមួយគ្រឿង។ លុះព្រឹកឡើងថ្ងៃទី១២ ខែឆ្នាំដដែល ទើបសមត្ថកិច្ចប៉ុស្ដិ៍បឹងធំបានជូនដំណឹង ទៅផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បន្ទាប់ពីបានទទួលដំណឹងហើយ ទើបកម្លាំងផ្នែកជំនាញបានទៅទទួលយកជនសង្ស័យ និងវត្ថុតាង ពីប៉ុស្ដិ៍បឹងធំ ខណ្ឌកំបូល ទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនាំបន្តតាមនីតិវិធីច្បាប់។

ក្រោយពីសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានបក្ខពួកប្រហែល១៥នាក់ ហើយបាននាំគ្នាជិះម៉ូតូដើរលេង នៅពេលជិះដល់ចំណុចកើតហេតុ បក្ខពួករបស់ខ្លួនម្នាក់ឈ្មោះ ខ្មៅ បានយកដុំថ្មគប់ទៅលើជនរងគ្រោះ ក្រោយមកក៏បត់ម៉ូតូដេញតាមវាយជនរងគ្រោះទៀតតែដេញមិនទាន់ឡើយ ហើយក៏នាំគ្នាឈប់ម៉ូតូអង្គុយលេង បន្ទាប់មកក៏ឃើញជនរងគ្រោះនាំសមត្ថកិច្ចមកដល់ហើយឃាត់ខ្លួនបានតែម្ដង៕

អត្ថបទ៖តាខ្មៅ

Share.