ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា អនាគតរបស់អ៊ុយក្រែនពឹងនៅលើលទ្ធផលនៃការប្រយុទ្ធជាមួយរុស្ស៊ីនៅក្នុង និង ជុំវិញ ទីក្រុង Bakhmut ដោយភាគីទាំង២ បានពិពណ៌នាអំពីការប្រយុទ្ធគ្នាឥតឈប់ឈរ នៅពេលទីក្រុង ម៉ូស្គូ បង្កើនយុទ្ធនាការរដូវរងា ដណ្ដើមយកទីក្រុងភាគខាងកើតដ៏តូចមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Business Standard នាថ្ងៃ អង្គារ ទី ១៤ ខែ មីនា ឆ្នាំ ២០២៣។

ប្រភពមន្រ្តីម្នាក់បានប្រាប់រ៉យទ័រ ថា នៅក្នុងអ្វីដែលនឹងក្លាយជាសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមអន្តរជាតិដំបូង ដែលកើតឡើងពីការឈ្លានពានរបស់រុស្ស៊ី តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងស្វែងរកការចាប់ខ្លួនមន្រ្តីរុស្ស៊ី សម្រាប់ការបណ្ដេញកុមារចេញពីប្រទេសអ៊ុយក្រែន និង ផ្ដោតការវាយប្រហារលើគោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយវានឹងក្លាយជាករណីឧក្រិដ្ឋកម្មសង្រ្គាមអន្តរជាតិលើកដំបូង ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ី។

ទីក្រុង ម៉ូស្គូ នឹងប្រាកដជាមិនទទួលយកដីកាចាប់ខ្លួនប្រឆាំងនឹងមន្រ្តីរបស់ខ្លួនឡើយ។ ប៉ុន្ដែការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាមអន្តរជាតិ អាចធ្វើឲ្យមានភាពឯកោ ផ្នែកការទូតរបស់ទីក្រុង ម៉ូស្គូ កាន់តែស៊ីជម្រៅលើយុទ្ធនាការដែលបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និង អូសបន្លាយការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២ មក។

លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមរយៈវីដេអូមួយ កាលពីល្ងាច ថ្ងៃ ច័ន្ទ ថា អនាគតរបស់អ៊ុយក្រែនពឹងផ្អែកលើលទ្ធផលនៅទីក្រុង Bakhmut និង តំបន់ផ្សេងទៀតដែលហែកហួរដោយសង្រ្គាមនៅក្នុងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេស។ លោក Zelenskiy បាននិយាយថា «ឥទ្ធិភាពនៅភាគខាងកើតពិបាកមើលណាស់ – វាឈឺចាប់ណាស់។ យើងត្រូវបំផ្លាញដោយអំណាចយោធារបស់សត្រូវ។ ហើយយើងនឹងបំផ្លាញវាវិញ»។

ទីក្រុង Bakhmut បានក្លាយជាចំណុចសំខាន់នៃការវាយលុករបស់រុស្ស៊ីជាមួយនឹងការប្រយុទ្ធ បង្ហូរឈាមគ្នា ជាច្រើនខែ បានធ្វើឲ្យមានការខាត់បង់យ៉ាងធ្ងន់ធ្ងរលើភាគីទាំងសងខាង។ កន្លងមកកងកម្លាំងរុស្ស៊ីដែលដឹកនាំដោយទាហានស៊ីឈ្នូល Wagner បានដណ្ដើមកាន់កាប់ភាគខាងកើតនៃទីក្រុងនេះ ប៉ុន្ដែរហូតមកដល់ពេលនេះមិនអាចឡោមព័ទ្ធវាបានទេ។

ទាក់នឹងបញ្ហានេះ ភាគីរុស្ស៊ីបាននិយាយថា ការដណ្ដើមយកទីក្រុង Bakhmut នឹងបើកផ្លូវមួយ ដើម្បីដណ្ដើមយកតំបន់ Donetsk ទាំងអស់ ដែលជាគោលដៅសង្គ្រាមកណ្តាល។ ខណៈយោធាអ៊ុយក្រែននិយាយថា ខ្លួនមិនបានដកខ្លួនចេញពីទីក្រុង Bakhmut ទេ ដោយសារតែវាកំពុងធ្វើឲ្យមានការខាតបង់យ៉ាងច្រើនលើកងកម្លាំងវាយប្រហាររបស់រុស្ស៊ី ដែលនឹងធ្វើឲ្យកងកម្លាំងអ៊ុយក្រែនកាន់តែងាយស្រួលក្នុងការវាយប្រហារតបតវិញនៅចុងឆ្នាំនេះ។

យ៉ាងណាម៉ិញ វានៅទាន់មិនច្បាស់ទេថាតើរដ្ឋអាជ្ញា អាចស្វែងរកដីកាប្រឆាំងមន្ត្រីរុស្ស៊ីរូបណា ឬពេលណាធ្វើការកោះហៅ ប៉ុន្តែការចង់ឃាត់ខ្លួន ឬកាតទោសមន្ត្រីរុស្ស៉ីគឺជារឿងដែលគេដឹងជាមុនទៅហើយថានឹងមិនអាចកើតឡើងទេ។ តែយ៉ាងនេះក្ដី ចំណាត់ការណាមួយរបស់ ICC អាចនឹងកាន់តែបង្កើនសម្ពាធខាងការទូតប្រឆាំងនឹងទីក្រុងមូស្គូ។

ការិយាល័យរដ្ឋអាជ្ញា ICC បានបដិសេធមិនធ្វើការអត្ថាធិប្បាយ។ ចំណែកក្រសួងការពារជាតិរុស្ស៊ី ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើអត្ថាធិប្បាយនោះដែរ ខណៈស្ថានភាពរវាងប្រទេសទាំង២ កាន់តែដុនដាបជាងមុន ហើយបណ្ដាប្រទេសមួយចំនួនក៏មានការព្រួយបារម្ភអំពីលទ្ធភាពដែលរុស្ស៊ីអាចជ្រើសរើសប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រសិនបើទាល់ច្រក បើទោះបីជាកន្លងមករុស្ស៊ីអះអាងថា មិនចាំបាច់ប្រើប្រាស់នុយក្លេអ៊ែរ ប្រសិនបើគ្មានការចាំបាច់ក៏ដោយ៕

ប្រភព៖ The Business Standard

Share.