សិល្បៈជាតិ៖ ភាពយន្ត​ឯកសារ «ស្នាមញញឹម​កម្ពុជា» បានដាក់​ប្រកាស​ការចាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ នា​រសៀល​ថ្ងៃទី ១៤ ខែមីនា ដែល​សហការ​រៀបចំ​ដោយ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន និង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និងអ្នកចូលរួមជាង១០០នាក់។

នាឱកាស​ដ៏​វិសេស​នោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា ឯកឧត្ដម ខៀវ កា​ញ៉ា​រិ​ទ្ធ បាន​មានប្រសាសន៍ថា ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា​និង​ចិន ក្នុង​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​មាន​ប្រវត្តិ​យូរអង្វែង​ណាស់​មកហើយ ហើយ​ការផ្សព្វផ្សាយ​ខ្សែភាពយន្ត”ស្នាមញញឹម​កម្ពុជា”លើក​នេះ បាន​ចូលរួម​ជា​កម្លាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការបន្ថែម​អត្ថន័យ​ថ្មី​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន ក៏ដូចជា​ដើម្បី​ប្រកៀក​ស្មា​គ្នា​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​ចិន​ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ ស្ដង់ដារ​ខ្ពស់ នៅក្នុង​យុគសម័យ​ថ្មី។ មហាសន្និបាត​សភា​ទាំងពីរ​របស់​ប្រទេស​ចិន​ទើបតែ​បញ្ចប់ទៅ ក៏បាន​គូសវាស​គោលដៅ​ថ្មី​ក្នុងការ​ជំរុញ​ទំនើបកម្ម​បែបផែន​ចិន។ ខ្ញុំ​ពិតជា​ទន្ទឹងរង់ចាំ​មើល​ប្រទេស​ចិន​លើ​ចំណុច​ចាប់ផ្ដើម​ថ្មី នៃ​ដំណើរ​ថ្មី អាច​ចែករំលែក​កាលានុវត្តភាព​អភិវឌ្ឍន៍​កាន់តែច្រើន​បន្ថែមទៀត​ជូន​ពិភពលោក ជាពិសេស​ប្រទេស​នៅ​ជុំវិញ ដើម្បី​ចូលរួម​កាន់តែច្រើន​ទៀត​ក្នុង​សន្តិភាព និង​វឌ្ឍនភាព​នៃ​មនុស្សជាតិ។

ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា ខ្សែភាពយន្ត”ស្នាមញញឹម​កម្ពុជា” គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​សម្រាប់​ឆ្នាំ​មិត្តភាព​កម្ពុជា​ចិន ជឿជាក់ថា ក្រោម​ការដឹកនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ និង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ភាគី​ទាំងពីរ ការកសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​ចិន​នា​យុគសម័យ​ថ្មី នឹងមិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​កាន់តែ​ប្រសើរឡើង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​នឹង​ដើរតួនាទី​កាន់តែ​ធំ​ក្នុង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​ក្នុង​តំបន់ និង​លើ​ពិភពលោក​ផងដែរ។

លោកស្រី Kong Siqi ប្រធាន​គ្រប់គ្រង​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន ឆ្នាំនេះ គឺជា​ខួប​លើក​ទី៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​កម្ពុជា ហើយក៏​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា​ចិន និង​ជា​ឆ្នាំ​ខួប​ទី១០នៃ​ការដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម “ខ្សែក្រវ៉ាត់​និង​ផ្លូវ”ផងដែរ។ ក្នុង​ឆ្នាំ​ពោរពេញ​ទៅដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នេះ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​មានបំណង​នាំយក​ភាពយន្ត​ឯកសារ “ស្នាមញញឹម​កម្ពុជា” ចំនួន​បី​ភាគ​មក​ជូន​អ្នក​ទាំងអស់គ្នា​ទស្សនា។ ពួកយើង​ចង់​ប្រើ​ស្នាមញញឹម​កម្ពុជា​ដើម្បី​រំលាយ​ទឹកកក បំបែក​របាំង លើកកម្ពស់​ការយោគយល់​គ្នា និង​បន្ថែម​ភាពកក់ក្តៅ​នៅក្នុង​ដួងចិត្ត​ប្រជាជន។

ក្រោយ​បាន​ទស្សនា​ការចាក់​បញ្ចាំងភាពយន្ត​ឯកសារ«ស្នាមញញឹម​កម្ពុជា» ភាគ​ទី១ រួចមក ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ចែករំលែក​ចំណាប់អារម្មណ៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ “បងប្អូន​មិត្តភាព​ដែកថែប” “សហគមន៍​ជោគវាសនា​រួម​កម្ពុជា​ចិន“ “ទំនើបកម្ម​បែបផែន​ចិន” បាន​ក្លាយជា​ពាក្យ​ពេញនិយម ដែល​ប្រជាជន​កម្ពុជា​ស្គាល់​យ៉ាងច្បាស់។  អនាគត ពួកយើង​ក៏​សង្ឃឹមថា ប្រទេស​ទាំងពីរ​កម្ពុជា​ចិន បន្ត​ប្រកៀក​ស្មា​គ្នា​ឆ្ពោះទៅមុខ ជួយ​គ្នា​ទៅវិញទៅមក ធ្វើឱ្យ”ទំនើបកម្ម​បែបផែន​ចិន”ដែល​ជំរុញ​ភាពមានបាន​រួមគ្នា និង​វឌ្ឍនភាព​ប្រកបដោយ​សន្តិភាព ក្លាយជា​បែបផែន​អភិវឌ្ឍន៍​អាច​យក​ជា​គំរូ​បាន ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​កាន់តែច្រើន​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​ពិភពលោក​ផងដែរ។

ឆ្នាំ២០២៣ គឺជា​ខួប​លើក​ទី ៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​កម្ពុជា ហើយក៏​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា​ចិន និង​ជា​ខួប​គម្រប់១០ឆ្នាំ​នៃ​ការដាក់ចេញ​នូវ គំនិត​ផ្តួចផ្តើម “ខ្សែក្រវាត់ និង​ផ្លូវ”។ ភាពយន្ត​ឯកសារ “ស្នាមញញឹម​កម្ពុជា” ចំនួន​បី​ភាគ ដែល​ផលិត​យ៉ាង​ផ្ចិតផ្ចង់​ដោយ មជ្ឈមណ្ឌល​ភាសា​តំបន់​អាស៊ី និង​អាហ្វ្រិក នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន ផ្តោតលើ​ប្រជាជន​ទូទៅ​នៅ​កម្ពុជា បង្ហាញ​ពី​លទ្ធផល​ជា​ផ្លែផ្កា​ដែល​សម្រេចបាន​ដោយ​ប្រទេស​ចិន និង​កម្ពុជា ក្នុង​ដំណើរការ​រួមគ្នា​កសាង​សហគមន៍​ជោគវាសនា​រួម​នៃ​មនុស្សជាតិ និង​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា។ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន បាន​ផ្សាយ​ផ្ទាល់​កម្មវិធី​នេះ​នៅលើ​ប្រព័ន្ធ​បណ្ដាញ​សង្គម រួមទាំង​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយសំខាន់ៗនៅ​កម្ពុជា​ផ្សេងទៀត​ផងដែរ។

Share.