ព្រឹត្តិការណ៍ការប្រកួត​កីឡាបាល់ទាត់ ​ដ៏​ធំ​នៅលើពិភព​លោក​ FIFA World Cup ដែល​តែង​តែ​មាន​វត្ត​មាន​​រាល់​ ៤​ឆ្នាំ​ម្តង ទើប​តែ​បញ្ចប់​ការ​ប្រកួត​កន្លង​ទៅ​កាល​​ពី​ចុង​ឆ្នាំ​២០២២ នៅ​​ប្រទេស​​កាតារ​ ហើយ​ម្ចាស់ជើង​ឯក​បាន​ទៅលើ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ខណៈ​ជើង​ឯក​រង​បាន​លើ​ក្រុម​ជម្រើស​ជាតិ​បារាំង។

ក្រោយ​ចប់​ព្រឹត្តិការណ៍ ​FIFA World Cup ឆ្នាំ​២០២២ មិន​ទាន់​បាន​១ឆ្នាំ​ផង ពេល​នេះ​មាន​ប្រទេស​ជា​ច្រើន​ចង់​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះសម្រាប់​ឆ្នាំ​២០៣០ ខណៈ​ឆ្នាំ​២០២៦ ​គឺ​មាន​ប្រទេស​ចំនួន​៣ នឹង​រួម​គ្នា​ធ្វើជា​សហ​​ម្ចាស់​ផ្ទះ​ ក្នុង​នោះ​មាន​ដូច​ជា​ប្រទេស​កាណាដា ម៉ិកស៊ិក និង​សហរដ្ឋអាមេរិក។

ដោយឡែកសម្រាប់ឆ្នាំ២០៣០ ខាងមុនឃើញថា កន្លងមកមានតែប្រទេសចំនួន ២ប៉ុណ្ណោះ ដែលបានចេញមុខ ចង់ចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2030 នោះគឺប្រទេសអេស្ប៉ាញ​ និង​ព័រទុយហ្គាល់ តែពេលនេះម៉ារ៉ុក ក៏នឹងចូលរួមជាមួយផងដែល។

ព្រះមហាក្សត្រនៃប្រទេសម៉ារ៉ុក គឺព្រះអង្គម្ចាស់ Mohammed VI បានប្រកាសកាលពីថ្ងៃអង្គារ ខែមីនា ឆ្នាំ​២០២៣ នេះថា៖ ព្រះអង្គបានសម្រេចចិត្តក្នុងការ ចូលរួមដេញថ្លៃរួមគ្នាជាមួយប្រទេសអេស្ប៉ាញ និង​ព័រទុយហ្គាល់ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2030 ខាងមុននេះដែរ។

សាររបស់ព្រះអង្គម្ចាស់ Mohammed VI បានថ្លែងនៅក្នុងឱកាសនៃការធ្វើបទបង្ហាញនៃពានរង្វាន់សមិទ្ធផលឆ្នើមប្រចាំឆ្នាំ២០២២ CAF ដល់ព្រះមហាក្សត្រ នៅទីក្រុង Kigali ប្រទេសរវ៉ាន់ដា។

គួរឲ្យដឹថថា សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក FIFA World Cup 2026 នឹងមានក្រុមចំនួន ៤៨​ប្រទេស មកពីជុំវិញទ្វីប បែងចែកជា ១៥ពូល ខណៈការប្រកួតកើនឡើងដល់ ១០៨ប្រកួត នៅ៣ប្រទេស ជា​សហម្ចាស់ផ្ទះគឺ ប្រទេស​កាណាដា ម៉ិកស៊ិក និង​សហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦៕

Share.