បាត់ដំបង÷ ឈប់ប្រើវិធានការធ្វើកិច្ចសន្យា និងអប់រំទៀតហើយសមត្ថកិច្ចបង្ក្រាបបទល្មើសល្បែងជល់មាន់ឃាត់ខ្លួនមនុស្ស ៧នាក់នៅតំបន់ព្រំដែនស្រុកភ្នំព្រឹកបញ្ជូនទៅតុលាការ។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា កម្លាំងអធិការនគរបាលស្រុកភ្នំព្រឹកនៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣កន្លងមកនេះបានចុះបង្ក្រាបករណីលេងល្បែងស៊ីសងប្រជល់មាន់មួយលើកក្នុងនោះកម្លាំងបង្ក្រាបស្ទាក់ និងឃាត់ខ្លួនបានអ្នកប្រព្រឹត្តចំនួន ៧នាក់ នៅនឹងកន្លែងត្រង់ចំណុចទីលានសម្ងួតដំឡូង ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងការបង្ក្រាបបទល្មើសខាងលើមន្ត្រីនគរបាលដកហូតវត្ថុតាងបានមួយចំនួនរួមមាន÷ សំពត់កៅស៊ូសង្វៀនមាន់ ១ ដុំ, មាន់ជល់ចំនួន ១០ ក្បាល, ប្រាក់រៀលចំនួន ៥៦០០០០រៀល (ហាសិបប្រាំមួយម៉ឺនរៀល, ម៉ូតូចំនួន ០៣ គ្រឿង រួមទាំងសម្ភារ:ពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

ជនសង្ស័យ ក៏ដូចជាវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធីដោយឈប់អនុគ្រោះណែនាំអប់រំរួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញដូចមុនទៀតហើយ៕

អត្ថបទ៖ ដំបងក្រញូង

Share.