បន្ទាប់ពីចប់ការប្រកួតសប្តាហ៍ទី៥ កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា កន្លងទៅនេះ ពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣ នឹងត្រូវសម្រាកចំនួន២សប្តាហ៍ សម្រាប់ FIFA Day ខណ:ការប្រកួតនឹងវិលត្រលប់មកវិញនៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

អំឡុងថ្ងៃ FIFA Day ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ក៏បានណាត់ វិសាខា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន AIA Stadium, KMH Park វេលាម៉ោង ៣:៤៥នាទី ដើម្បីប្រកួតមិត្តភាពកម្តៅសាច់ដុំ ក៏ដូចជាដកស្រង់បច្ចេកទេសគ្នាទៅវិញទៅមក។

ខណ:នៅថ្ងៃ FIFA Day ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) បានទទួលការអញ្ជើញពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ឱ្យចូលរួមការប្រកួត Merlion Cup 2023 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣ ដោយមាន៤ក្រុមគឺ៖ សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី និង ហុងកុង។

ចំពោះលទ្ធផលនៃការចាប់ឆ្នោតពានរង្វាន់ Merlion Cup 2023 កម្ពុជា និងត្រូវប្រកួតជាមួយ ម៉ាឡេសុី ចំណែកក្រុមម្ចាស់ផ្ទះសិង្ហបុរី និងត្រូវប្រកួតជាមួយ ហុងកុង នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ នៅ​កីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ម៉ោង ៤:០០នាទីរសៀល (ម៉ោងនៅកម្ពុជា)

រូបមន្ត​ប្រកួត​នឹង​យក​ក្រុម​ទាំង​៤ ចាប់​គូ​គ្នា ប្រកួត​ថ្ងៃ​ទី១ ហើយ​ថ្ងៃ​ទី២ ក្រុម​ឈ្នះ នឹង​ត្រូវ​ប៉ះ​គ្នា ដណ្តើម​យក​ជើង​ឯក ហើយ​ក្រុម​ដែល​ចាញ់​ត្រូវ​ប្រកួត​គ្នា​យក​ចំណាត់ថ្នាក់​លេខ៣។

ពានរង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ខណ:អូស្ត្រាលី ឈ្នះច្រើនជាងគេ២លើកឆ្នាំ ១៩៨២/៨៣, អ៊ីរ៉ាក់ នៅឆ្នាំ១៩៨៤, យូហ្គោស្លាវី នៅឆ្នាំ១៩៨៥, ចិន នៅឆ្នាំ១៩៨៦, កូរ៉េខាងត្បូង ឈុតB នៅឆ្នាំ ១៩៩២, Liverpool នៅឆ្នាំ២០០៩ និងចុងក្រោយ U-22 សិង្ហបុរី នៅឆ្នាំ២០១៩៕

Share.