កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២៣ កីឡាការរិនីស្នូកឃ័រ​ ស្រួង ភាវី ដែលមានដើមកំណើតខ្មែរ ប៉ុន្តែរស់នៅប្រទេសកូរ៉េខាងត្បូង ទទួលបានពានរង្វាន់ PBA ជាកីឡាការរិនីស្នូកឃ័រ​ ឆ្នើមប្រចាំឆ្នាំ២០២៣ ចំនួន៤គ្រឿងម្នាក់ឯង។

គួរដឹងថាកីឡាការិនី ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០ បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ដើម្បីរៀបការជាមួយស្វាមីដែលជាជនជាតិកូរ៉េ។ ភាវី បានចំណាយពេលរយៈពេល ៧ឆ្នាំ ដើម្បីវិវឌ្ឍខ្លួនឲ្យក្លាយជាកំពូលកីឡាការិនីស្នូកឃ័រ​។

ការចាប់ផ្តើមដំបូងរបស់នាងគ្រាន់តែទៅមើលស្វាមីលេងប៉ុណ្ណោះ ប៉ុន្តែយូរៗទៅស្វាមីក៏បានបង្រៀនអំពីរបៀបលេង និងនាំយកកីឡាករល្អៗមកបង្ហាត់បន្ថែមទៀតផង។ អ្នកនាង ស្រួង ភាវី បានចូលរួមប្រជែងកីឡាស្នូកឃ័រដំបូងបំផុតក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ២០១៧ ដោយបានជាប់ចំណាត់ថ្នាក់លេខ១ និងបានក្លាយខ្លួនជាកីឡាការិនីលេខ១ ប្រចាំប្រភេទកីឡាស្នូកឃ័រក្នុងឆ្នាំដដែលនោះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ រូបនេះក៏បានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ ២០១៨ ទៀតផង។ សម្រាប់ឆ្នាំ ២០២២ កីឡាការរិនី ស្រួង ភាវី ទទួលបានជ័យជម្នះជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាប៊ីយ៉ាការ៉ុមលំដាប់ពិភពលោកដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង។

ខណ:ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ធ្លាប់បានសម្ដែងនូវការកោត សរសើរជារឿយៗ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាកា រិនី ស្រួង ភាវី ហើយឯកឧត្តមបានជំរុញឱ្យលោកស្រីខិតខំហ្វឹកហាត់បន្ថែមទៀត ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា៕

Share.