​បទ​សម្ភាស​ចាស់​កាល​ពី​ ៧​ឆ្នាំ​មុន​ ​​របស់​តារា​សម្ដែង ​Park Seo Joon តួឯក​ប្រុស​ដ៏​ល្បីល្បាញ​ពី​ភាពយន្ត​ភាគ​​ «Itaewon Class» និង​ «What wrong with Secretary Kim» កំពុង​ក្លាយ​ជា​​រឿង​ចម្រូងចម្រាស​ បង្ក​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ក្ដៅ​គគុក​លើ​បណ្ដាញ​សង្គម​អនឡាញ​នា​ខណៈ​នេះ​។

បទ​សម្ភាស​កាល​ពី​ឆ្នាំ​ ២០១៤ ដែល​បង្ក​ឱ្យ​មាន​ការ​ជជែក​វែក​ញែក​ និង​បង្ក​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ខ្លាំង​ពី​សំណាក់​ស្ត្រី​នោះ​​គឺ​ជា​រឿង​ដែល​ Park Seo Joon មាន​ក្ដី​ប្រាថ្នា​ចង់​ឱ្យ​អនាគត​ភរិយា​របស់​លោក​​នៅ​តែ​ផ្ទះ​ ចាំមើលថែ​រក្សា​គ្រួសារ​ និង ​កូន​ៗ​។

សូម​ចុចអាន​ ​Park Seo Joon ​តារា​សម្ដែង​​កូរ៉េ​​ដំបូងគេ​​សម្ដែង​រួម​​ជាមួយ Brie Larson នៅ​ក្នុង​រឿង​​ «The Marvels»​

«ខ្ញុំ​ធំធាត់​ឡើង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​លក្ខណៈ​បែបនេះ​ ដូច្នេះ​ខ្ញុំ​ចង់​ឱ្យ​កូន​ៗ​ខ្ញុំ​ធំឡើង​បែបនេះ​ដែរ​។ ទស្សនៈគតិ​របស់​មនុស្សត្រូវ​បាន​កសាង​ឡើង​នៅ​ពេល​ដែល​យើង​នៅ​ក្មេង​។ ក្មេង​ដែល​ខ្វះ​ក្ដី​ស្រលាញ់​ធំឡើង​នឹង​ក្លាយ​ជា​ក្មេង​ដែល​មាន​បញ្ហា​។ មិន​ថា​បញ្ហា​ក្នុង​ទំនាក់ទំនង​ ឬ ​គេ​អាច​នឹង​​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​អាក្រក់​ណាមួយ​ក៏​ថា​បាន​​»

តួ​ឯក​ប្រុស​ត្រៀមថត​ភាពយន្ត​ «The Marvels» រូប​នេះ​បាន​បន្ថែម​ទៀត​៖ «ខ្ញុំ​អាច​នឹង​ឧទាហរណ៍​មិន​ល្អ​ តែ​​កូន​ៗ​ត្រូវ​ការ​ម្ដាយ​នៅ​ក្បែរ​ខ្លួន​ពួក​គេ​។ ចម្លើយ​នេះ​អាច​នឹង​មិនមែន​ជា​ចម្លើយ​មួយ​ត្រឹម​ត្រូវ​ តែ​សម្រាប់​គំនិត​ខ្ញុំ​ពេល​នេះ​វា​គឺ​ជា​ចម្លើយ​មួយ​ត្រឹម​ត្រូវ​​»។

បន្ត​ុ​មក​ទៀត​​នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​​លោក​ពី​នារី​ក្នុងក្ដី​ស្រមៃ​លោក​បាន​ឱ្យ​ដឹង​ថា​៖ ​«ខ្ញុំ​ស្រលាញ់​មនុស្ស​ស្រី​ដែល​ខ្ញុំ​អាច​ការពារ​នាង​បាន​។ ខ្ញុំ​ស្រលាញ់​នារី​ដែល​ចូល​ចិត្ត​រំខាន​ខ្ញុំ​ និង​ ធ្វើ​ឱ្យ​ខ្ញុំ​មា​នអារម្មណ​៍​បារម្ភ​ចំពោះ​នាង​គ្រប់​ពេល​វេលា។ ហើយ​មនុស្ស​ស្រី​រាង​ស្ដើង​គឺ​ជា​ស័ក្ដិសម​​ជាង​គេ​​» ។

នៅ​ពេល​ដែល​បទ​សម្ភាស​ចាស់​របស់​លោក​ត្រូវ​​បាន​ចែក​រំលែក​លើ​សង្គម​អនឡាញ​ម្ដង​ទៀត​​ ស្រាប់​តែ​មា​នអ្នក​មានទស្សនៈ​មិន​ស្រប​ទៅ​នឹង​ការ​យល់​ឃើញ​របស់​លោក​។

«​ការ​លើក​ឡើង​របស់​គេ​​អាច​ជា​បញ្ហា​។ ស្ដាប់​តា​ម​សម្ដី​គាត់​​ក្មេង​ដែល​ធំធាត់​ឡើង​ ដោយ​ខ្វះ​ឪពុកម្ដាយ​ ក្មេង​ដែល​ត្រូវ​បាន​ជីដូន​​ជីតា​ចិញ្ចឹម​ ឬ​ក្មេង​ធំធាត់​ឡើង​នៅ​មណ្ឌល​កុមារ​កំព្រា​ អាច​នឹង​ក្លាយ​ជា​អ្នក​បង្ក​បទ​ល្មើស​» ខណៈ​អ្នក​ផ្សេង​ទៀត​បាន​លើក​​ឡើង​មក​ថា​ «នោះ​ជា​ការ​គិត​មួយ​ដែល​ចាស់​គំរិល​និង​ហួស​ដឺឡេ​បំផុត​»

​តែ​ក៏​មាន​អ្នក​មួយ​​ចំនួន​បង្ហាញ​ការ​យល់​ឃើញ​​លក្ខណៈ​កណ្ដាល​ដែរ​ថា​៖ «​​គាត់​គ្រាន់​តែ​លើក​ឡើង​ពី​អ្វី​ដែល​គាត់​ចង់​បាន​ប៉ុណ្ណោះ​។ តើ​ប៉ុណ្ណឹង​មាន​អី​ខុស​?» សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​ Park Seo Joon កំពុង​សម្ងំ​ថត​ភាពយន្ត​ខ្នាត​ធំ​រឿង​ «Concrete Utopia»

Telegram-Troryorng
Share.