បាត់ដំបង÷ ឆេះកសិដ្ឋានចិញ្ចឹមជ្រូកទាំងព្រហាមនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឲ្យងាប់សត្វជ្រូកចំនួន៣៣ក្បាល កាលពីព្រលឹមស្រាងៗថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឋិតនៅត្រង់ចំណុចក្រុមទី ១៧ ក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ទ្រុងចិញ្ចឹមជ្រូកខាងលើពេលកើតហេតុបានឆាបឆេះឡើងយ៉ាងឆាប់រហ័សដោយសារទ្រុងធ្វើពីឈើ គួបផ្សំមានស្លឹកឈើជ្រុះច្រើនទើរនៅលើដំបូលទ្រុង។ ទ្រុងដែលឆេះនេះដែរមានទំហំ៤០x ២០ម៉ែត្រ នៅក្នុងទ្រុង ឬរោងចិញ្ចឹមនេះមានសត្វជ្រូកទាំងអស់ចំនួន ៧០ក្បាល ដោយមួយចំនួនធំបានរត់បោលបុកទ្រុងធ្លាយហើយរត់ចេញក្រៅទាន់ រីឯមួយចំនួនទៀតគេចចេញមិនទាន់ត្រូវភ្លើងឆេះងាប់តែម្តង។

មន្ត្រីនគរបាលបានសន្និដ្ឋានថា÷ ករណីគ្រោះអគ្គីភ័យដែលកើតឡើងលើកសិដ្ឋានក្នុងចម្ការកសិដ្ឋាននេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទើបឆាបជាអណ្តាតភ្លើង និងឆេះឡើង៕

អត្ថបទ៖ដំបងក្រញូង

Share.