ប៉ូលីសក្រិក បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈក្រុមបាតុករបានគប់គ្រាប់បែកផ្សែងកាលពីថ្ងៃ ព្រហស្បតិ៍ ដោយមនុស្សជាង ៤០,០០០នាក់ បានដើរតាមផ្លូវនៅទូទាំងប្រទេសតវ៉ាប្រឆាំងរដ្ឋាភិបាល ដើម្បីបញ្ចេញកំហឹងចំពោះគ្រោះមហន្ដរាយរថភ្លើងបុកគ្នាកាលពីខែ មុន ដោយសម្លាប់មនុស្ស ៥៧នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃ សុក្រ ទី ១៧ ខែ ​មីនា ឆ្នាំ ២០២៣។

ការតវ៉ានេះមានរយៈពេល ២៤ម៉ោង ដែលជាការធ្វើកូដកម្មទ្រង់ទ្រាយធំបំផុតចាប់តាំងពីមានគ្រោះមហន្ដរាយ បានចូលរួមដោយសហជីព វិស័យឯកជន និង សាធារណៈ ដោយសារតែការបរាជ័យផ្នែកសុវត្ថិភាពជាច្រើនទសវត្សរ៍ នៅលើផ្លូវដែកក្រិក និង ដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលអភិរក្សនិយមមុនការបោះឆ្នោតជាតិ។

ការតវ៉ានេះបានផ្ទុះឡើងនៅទីលាន ស៊ីនថេចម៉ា (Syntagma) ក្បែរសភាក្នុងទីក្រុង អាថែន (Athens) ជាកន្លែងដែលប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រាប់បែកដៃមកលើក្រុមបាតុករ ដែលមានការតដៃពីក្រុមបាតុករវិញដោយការគប់គ្រាប់បែកផ្សែង និង ដុំថ្ម។

អ្នកយកព័ត៌មាន AFP បាននិយាយថា នៅពេលដែលក្រុមអ្នកតវ៉ាបានដកថយ ពួកគេបានវាយកម្ទេចភ្លើងសញ្ញាចរាចរណ៍ បង្អួចហាងទំនិញ និង ដុតធុងសម្រាម។

ទន្ទឹមនោះទូរទស្សន៍រដ្ឋ ERT បាននិយាយថា អ្នកបើកបរប៉ូលីសដែលស្លៀកពាក់ស៊ីវិលធម្មតា មកពីសមាជិកសភាឆ្វេងនិយមម្នាក់ បានរងរបួសស្រាល ដោយសារក្រុមបាតុករបានវាយកម្ទេចកញ្ចក់រថយន្ដរបស់គាត់។

យ៉ាងណាក៏ដោយ មន្រ្តីប៉ូលីសបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវបានឃុំខ្លួនដើម្បីសាកសួរ។

ប៉ូលីសបាននិយាយថា មនុស្ស ២៥,០០០នាក់ បានតវ៉ានៅទីក្រុង អាថែន (Athens) កាលពីថ្ងៃ ព្រហស្បតិ៍ និង ប្រហែល ៨,៥០០នាក់ តវ៉ានៅទីក្រុង ថេសសាឡូនីគី (Thessaloniki) និង ទីក្រុង ប៉ាត្រាស (Patras) ដែលជាទីក្រុងធំទី២ របស់ប្រទេសក្រិក។

បាតុករជាច្រើននាក់ បានជំរុញឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីក្រិក លោក គីរ៉ាយកូស មីតសូតាគីស (Kyriakos Mitsotakis) លាលែងពីតំណែង ជុំវិញអ្វីដែលបង្កជាគ្រោះថ្នាក់ផ្លូវដែកដ៏សាហាវបំផុតរបស់ប្រទេស។

ក្រុមបាតុករមកពីសហភាពកុម្មុយនិស្ត PAME បានស្រែកថា «ឧក្រិដ្ឋកម្មនេះនឹងមិនត្រូវបានគេបំភ្លេចឡើយ» ខណៈហ្វូងមនុស្សដើរដង្ហែរនៅមុខសភា ក្នុង រដ្ឋធានី។

សូមជម្រាបថា កាលពីខែមុន រថភ្លើងដឹកអ្នកដំណើរ ១គ្រឿង និង រថភ្លើងដឹកទំនិញ ១គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងដែលបណ្តាលឲ្យមនុស្សស្លាប់ ៥៧នាក់ ដែលវាគឺជា គ្រោះថ្នាក់រថភ្លើងផ្តាច់ជីវិតមនុស្សច្រើនបំផុត ដែលប្រទេសក្រិកមិនធ្លាប់ជួបប្រទះឡើយ ក្នុងរយៈពេលប្រមាណជា ៥០ឆ្នាំមកនេះ៕

ប្រភព៖ Bangkok Post

ចុចអាន៖ មនុស្ស ២៦នាក់ស្លា.ប់ និង ៨៥នាក់រងរបួស ដោយសាររថភ្លើងបុកគ្នានៅក្រិក

Share.