សិល្បៈជាតិ៖ ថ្មីៗនេះតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង ពេជ្រ សោភា បានបង្ហោះការវែកញែកមួយនៅលើបណ្ដាញសង្គម ខណៈដែលពេលវេលា គឺកាន់តែកៀកជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
បើតាមការសង្កេត គេឃើញថា តារាចម្រៀងផ្សេងបាននាំគ្នាបញ្ចេញបទចម្រៀងថ្មីៗសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែអ្នកនាង ពេជ្រ សោភា នៅឡើយមិនទាន់បានបញ្ចេញបទចម្រៀងថ្មីនោះទេ។
អ្នកនាងបែរចែករំលែកជាសារនាំឱ្យមានការវែកញែកថា ៖ «នាងខ្ញុំចេះឆ្ងល់ហើយព្រោះជិតចូលឆ្នាំ 1. នាងខ្ញុំចង់ដឹងថាថ្ងៃ សង្ក្រាន្តចូលឆ្នាំខ្មែរ មិនអោយលេងកាំភ្លើងបាញ់ទឹក (បើមិនអោយលេងមែនគឺល្អ) 2. នាងខ្ញុំលឺសូរថាចង់ប្តូរអោយមកលេងក្អមជំនួសវិញ ចុះបើក្មេងៗមិនដឹងលេងគប់ក្បាលគ្នាទៅ តើទៅជាយ៉ាងណា នេះគ្រាន់តែជាចម្ងល់របស់នាងខ្ញុំ បើខុសត្រង់ណាសូមអភ័យទោសផង»។
យ៉ាងណាមិញ ក្រោយការបង្ហោះនេះ មានការវែកញែកថា បញ្ហាលេងល្បែងបាញ់ទឹកដាក់គ្នានេះ មិនត្រឹមតែបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយវាក៏មិនមែនជាប្រពៃណីខ្មែរផងដែរ។ ខ្លះទៀតលើកឡើងថា គួរតែបិតកុំឱ្យលេងល្បែងនេះល្អជាង។
ដោយឡែក ការលេងវាយក្អម សម្រាប់មហាជនគឺលើកឡើងថា ជាល្បែងប្រជាប្រិយខ្មែរយើង ប៉ុន្តែលេងដោយមានការយកចិត្តទុកដាក់ពីសុវត្ថិភាពខ្ពស់។ ហើយណាមួយ អ្នកខ្លះអះអាងថា ការលេងវាយក្អម គឺមិនមែនគប់ក្អម ដែលនាំឱ្យបែកក្បាលនោះទេ។
គួររំលឹកដែរថា កន្លងមកកម្មវិធីសង្ក្រាន្តថ្នាក់ខេត្ត-រាជធានី មានរៀបចំកន្លែងលេងជះទឹក នៅទីតាំងសមរម្យមួយដែលគេរៀបចំ និងឱ្យឈ្មោះថា “តំបន់ត្រជាក់ចិត្ត” ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរអាចចូលរួមលេងទឹកបានដោយរីករាយ និងគ្មានហានិភ័យ ដូចការលេងគប់ទឹក បាញ់ទឹកតាមដងផ្លូវ ដែលផ្ទុយនឹងបំរាមរបស់អាជ្ញាធរនោះទេ៕





