សិល្បៈជាតិ៖ ប្រធានបទខោដំរីមួយនេះបានក្លាយជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គម ដែលហាក់ដូចជាញុះញង់ឱ្យមានជម្លោះ និងការរើសអើងពូជសាសន៍ បន្ទាប់ពីមានហ្វេសប៊ុកមួយឈ្មោះ @Amazing Asia cultural hub បានបង្ហោះរូបភាពរូបចម្លាក់នៅលើជញ្ជាំងប្រាសាទស្លៀកខោរូបដំរី ព្រមទាំងសរសេរចំណងថា ៖ «Thank for support មានន័យថា អរគុណសម្រាប់ការគាំទ្រខោរូបដំរីរបស់ខ្មែរ យើងមានភស្តុតាងនៅលើជញ្ជាំងប្រាសាទអង្គរវត្ត» ។
ក្រោយការបង្ហោះនេះ គេឃើញមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាជនជាតិថៃជាច្រើនមានអារម្មណ៍ខឹងសម្បារ ក្ដៅចិត្តដូចបាយកំពុងពុះឡើង និងមានខ្លះទៀតបញ្ចេញមតិមិនយល់ស្របនឹងការបង្ហោះនោះ ។ រហូតដល់មានសារព័ត៌មានថៃជាច្រើនបានចេញផ្សាយពីអត្ថបទមិនល្អនិយាយពីកម្ពុជាយើង ដោយពួកគេបានផ្សាយថា «អ្នកលេងបណ្តេញសង្គមនៅកម្ពុជាមួយចំនួនបានចូលមកបញ្ចេញមតិយល់ស្របចំពោះការលើកឡើងនេះ ហើយបញ្ជាក់ថា ខោដំរីជារបស់ប្រទេសកម្ពុជា ព្រមទាំងបង្ហាញភស្តុតាងនានាដើម្បីបញ្ជាក់ថា វាពិតជារបស់កម្ពុជា »។
បើយោងតាមសារព័ត៌មានរបស់ថៃឈ្មោះ khaosod បានឱ្យដឹងថា អ្នកលេងបណ្ដាញសង្គមជាជនជាតិថៃជាច្រើននាក់បានបញ្ចេញមតិខុសៗគ្នា ដោយពួកគេលើកឡើងស្រដៀងគ្នាថា ឱ្យខ្មែរយកទៅចុះ យកអ្វីដែលជារបស់ថៃតាមត្រូវការ ។ អ្នកលេងបណ្តាញសង្គមថៃអះអាងថា ខោរូបដំរី គឺជារបស់ថៃ ហើយនៅពេលភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃ ពួកគេនិយមទិញខោរូបដំរីស្លៀកដើរលេង ។ លើសពីនេះ ភ្ញៀវទេសចរបរទេសទាំងនោះបានទិញខោរូបដំរីរបស់ថៃសម្រាប់ផ្ញើទៅក្រៅប្រទេសទៀតផង ។
យ៉ាងណាមិញ បើតាមការសង្កេត គេពិតជាមើលឃើញថា ខោរូបដំរីដែលមានច្រើនស្ទាយនេះ គឺមានដាក់តាំងលក់នៅតំបន់ប្រាសាទអង្គរវត្តដូចគ្នា ដែលភាគច្រើនភ្ញៀវទេសចរមកលេងតំបន់នេះនិយមទិញស្លៀក។ ប៉ុន្តែមែនទែនទៅ គ្មានជនជាតិខ្មែរណាម្នាក់ដែលចេញមុខអះអាងថា ខោដំរីជារបស់ខ្មែរ និងទាមទារឱ្យចូលជាសម្បត្តិផ្ទាល់ខ្លួនណាមួយនោះទេ ក្រៅតែពីការឆោឡោពីភាគីជិតខាងតែប៉ុណ្ណោះ។
បើតាមការលើកឡើងដោយក្រុមព្រះសុរិយា បានបញ្ចេញទស្សនៈខ្លួននៅលើបណ្ដាញសង្គមថា ៖ «ពេលខ្លះត្រូវចេះពិចារណាផង ទាំងអ្នកលក់ទាំងអ្នកទិញ កុំដើម្បីតែពាក្យថាស្រលាញ់ ហួងហែង ម្ចាស់ដើមផ្តាច់មុខធ្វើព្រលឹងមហាបុរសខ្មែរទាំងអស់ ត្រូវរងភាពអាម៉ាស់ដោយទង្វើរបស់ខ្លួន ប្រព្រឹត្តដោយមិនដឹងខ្លួន ។ ត្រូវខិតខំរៀនសូត្រស្វែងយល់ពីអ្វីដែលជារបស់ខ្លួនពិតប្រាកដ កុំខឹងគេបើគេរិះគន់អោយខ្លួនឯងភ្ញាក់ខ្លួនពីដំណេកនេះ»។ សារនេះបានធ្វើអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ចូលរួមជាមតិស្រដៀងគ្នាថា ផេកថៃទាំងនោះតែមានចរិតញុះញង់ និងចង់ឱ្យខ្មែរមានវិវាទជាថៃណាស់មើលទៅ។

សូមជម្រាបថា ជុំវិញការផ្សព្វផ្សាយរបស់ថៃបែបនេះ គេមិនទាន់ដឹងថា តើមានចេតនាអ្វី ឬគោលបំណងអ្វីឱ្យពិតប្រាកដនោះទេ? គេរំពឹងថានឹងមានចំណាត់ការណាមួយចេញពីផ្នែកពាក់ព័ន្ធចំពោះបញ្ហានេះ៕


