ភ្នំពេញ ៖ សាកសពបុរសម្នាក់ ក្នុងសភាពខ្ទេចក្បាល មើលលែងស្គាល់ទៅហើយ រួមជាមួយកង់មួយគ្រឿង ត្រូវបានប្រទះឃើញ សង្ស័យរថយន្តបើកកិន ហើយបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ នៅលើស្ពាន៧មករា ផ្លូវជាតិលេខ៣ ចំណុចភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស មានវ័យប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃវែង ក្រហម ខៀវ ស្លៀកខោជើងវែង ពណ៌ទឹកប៊ិក នៅកដៃឆ្វេង ចងអំបោះក្រហម ពាក់ស្បែកជើងផ្ទាត់ ពណ៌ស សភាពសាកសព បែកក្បាលខ្ទេច ហើយនៅក្បែរនោះមានកង់មួយគ្រឿងពណ៌ស្វាយ នៅបញ្ឈរ តែពុំមានខូចខាត ឬបាក់បែកអ្វីឡើយ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា សាកសពត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញស្លាប់ នៅចំណុចកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាជនរងគ្រោះ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកពីជើងទៅត្បូងបុកកិន ហើយបើករត់គេចបាត់ ។

តាមការស្និដ្ឋាន ក្រោយពិនិត្យស្លាកស្នាម មុនកើតហេតុជនរងគ្រោះជិះកង់ពីជើងទៅត្បូង ដល់ចំណុចលើស្ពាន៧មករា ឈប់ចតកង់ ចុះមើលទឹកពីលើស្ពាន លុះដើរចុះលើផ្លូវវិញ ស្របពេលដែលរថយន្តបើកពីជើងទៅត្បូង បុកកិនជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង ហើយបើកគេចទៅបាត់ ទើបឃើញកង់នៅបញ្ឈរពុំមានស្លាកស្នាមខូចខាតបែបនេះ ។

ដោយរកអត្តសញ្ញាណ ឬក្រុមគ្រួសារមិនទាន់ឃើញ សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តតាំងកសាងខាងត្បូង និងបន្តស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.