សិល្បៈជាតិ៖ ជារៀងរាល់ឆ្នាំកម្មវិធី «បុណ្យភូមិ» តែងតែធ្វើឡើងនៅតាមបរិវេណវត្តអារាម ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះ កម្មវិធី «បុណ្យភូមិ» ហាក់ប្លែកបន្តិច ដោយមានបែងចែកជា៣ទីតាំងផ្សេងគ្នា។ តើបុណ្យភូមិធ្វើឡើងនៅទីណាខ្លះ?

តាមការប្រកាសជាផ្លូវការពីហ្វេសប៊ុក «បុណ្យភូមិ» បានឱ្យដឹងថា ឆ្នាំនេះគឺជាខួប ១០ ឆ្នាំនៃការបង្កើតព្រឹត្តិការណ៍បុណ្យភូមិ ដូច្នោះហើយកម្មវិធីនេះនឹងធ្វើឡើងដល់ទៅ ១០ ថ្ងៃ។

សម្រាប់ សប្តាហ៍ទី១ «សប្ដាហ៍បុណ្យភូមិមានជើង» នៅថ្ងៃ០១-០២ មេសា នឹងធ្វើឡើងនៅក្នុងបរិវេណ Factory Phnom Penh ដោយមានការសម្ដែងសិល្បៈទាន់សម័យ។ ចំណែកសប្តាហ៍ទី២ «សប្ដាហ៍ពិសេស» នៅថ្ងៃ០៣-០៦ មេសា ធ្វើឡើងនៅបរិវេណផ្សារទំនើបជីបម៉ុង ២៧១ មេហ្កាម៉ល និងសប្តាហ៍ទី៣ «សប្តាហ៍សិល្បៈបុរាណ»គេធ្វើនៅវត្តណាហ្ន៎? នោះគឺបន្ត​ឱ្យអ្នកចូលរួមចាំតាមដានជាពិសេស។

សូមជម្រាប កម្មវិធី «បុណ្យភូមិ» ជាកម្មវិធីបែបប្រពៃណីមួយដែលប្រមូលផ្តុំ និងគាស់រម្លើងឡើងវិញនូវទម្រង់សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ពិធីសាសនា ការជួបជុំរបស់ជនជាតិខ្មែរ ក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិ អមជាមួយនឹងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ដជាមួយចង្វាក់ប្រពៃណីខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ មានការបង្ហាញនិងលក់ម្ហូបអាហារ ផលិតផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ៕

Share.