ភ្នំពេញ ៖ មន្ត្រីឥណទានម្នាក់រងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូ ត្រូវបានរថយននតស្ទូចមួយគ្រឿងបើកបរលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ បុកពេញទំហឹង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមាន ឈ្មោះ អាន សំអឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាមន្ត្រីឥណទាន មានទីលំនៅ ភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX-8915 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តស្ទូច ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6241 មានដឹកអុីវ៉ាន់ផង បើកបរលើផ្លូវបញ្ច្រាសទិស ពីជើងទៅត្បូង បុកម៉ូតូចំពីមុខ បណ្តាលឲ្យរងរបួសទ្រូងធ្ងន់ ។

ជនរងគ្រោះក្រោយកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០
ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯរថយន្តនិងម៉ូតូ ត្រូវបានប្រគល់ឲ្យជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន រងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.