តារា​ចម្រៀង​ជើង​ចាស់​សំឡេង​ខ្លាំង​ពេញ​ដោយ​ទឹក​ដម​ ​លោក ព្រាប សុវត្ថិ​ បាន​បង្ហោះ​រូបភាព​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង​ឧត្តម​ភរិយា​ដើម្បី​រំលឹក​ខួប​ ២៤​ឆ្នាំ ដែល​បាន​ចាប់​ដៃ​រួម​សុខទុក្ខ​ជាមួយ​គ្នា​ ប៉ុន្តែ​ក្រៅ​ពី​មាន​អ្នកគាំទ្រ​ចូល​មក​សាទរ​ចំណង​ស្នេហ៍​ភក្តី​នេះ​ ​បែរ​ជា​មាន​អ្នក​ចោទ​សួរ​សំនួរ​បែប​នេះ​ទៅ​កាន់​លោក​ទៅ​វិញ​។​

កាល​ពី​យប់​ថ្ងៃ​ទី ​៥​ ​ខែ​ មេសា ​ម្សិលមិញ​នេះ​ ​នៅ​ក្រោម​រូបថត​និង​សំណេរ​ខ្លី​ដែល​លោក​ ព្រាប​សុវត្ថិ​បាន​សរសេរ​ថា​៖​ ​«នឹក​ឃើញ​ថ្ងៃ​ដែល​បង​ឲ្យ​ផ្កាស្លា​អូន​ ​ពិត​ជា​លឿន​ណាស់​ ២៤ឆ្នាំ​ហើយ​ បង​មាន​សេចក្ដី​សុខ​បំផុត​សម្រាប់​ជីវិត​បង​ ​អរគុណ​គ្រប់​យ៉ាង​អូន​សម្លាញ់​»​ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​ដែល​ចូល​មកខម​មិន​បាន​ចោទ​ជា​សំនួរ​ដូច​ៗ​គ្នា​ថា​ «ហេតុអ្វី​នៅ​ក្នុង​ថ្ងៃ​រៀប​មង្គលការ​លោក​ ​ព្រាប សុវត្ថិ ​ធ្វើ​ទឹក​មុខ​មាំៗ​ ​ដូច​ត្រូវ​គេ​បង្ខំ​»​ ខណ:​អ្នក​ខ្លះ​ទៀត​ចោទ​សួរ​ថា​ ​«បង​សុវត្ថិ​ ​ថត​រូប​រៀបការ​មុខ​ដូច​ភ័យៗ​ម៉េច​មិន​ដឹង​?​»​។​

មិន​ទុក​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ឆ្ងល់​យូរ​ម្ចាស់​បទ​ចម្រៀង​ «​ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នក​នឹង»​​ បាន​ចូលមក​ខមមិន​តប​ចំពោះ​មតិ​អ្នក​គាំទ្រ​ថា​៖​ ​«​អរគុណ​បងប្អូន​ចំពោះ​ការ​ខមមិន​ល្អ​ចំពោះ​រូបថត​អាពាហ៍ពិពាហ៍​ខ្ញុំ​ ជំនាន់​នឹង​កំលោះ​ៗ​ ​ទាល់​តែ​មុខ​មាំ​បន្តិច​ទើប​សង្ហា​ ​បើ​មិន​ម៉ឺងម៉ាត់​តិច​ទេ​ ​ប្រាកដ​ជា​គាត់​មិន​ស្រលាញ់​ខ្ញុំ​ទេ​»។

លោក​ ​ព្រាប​ ​សុវត្ថិ​ ​និង​ ​ភរិយា​ ​លោកស្រី​ ​ឡុង​ ​ស្រីមុំ​ ​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​ ​១៩៩៧​ និង​មាន​ចំណងដៃ​កូន​ប្រុស​ចំនួន​3​នាក់​ដែល​បច្ចុប្បន្ន​សុទ្ធ​តែ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​៕​

Share.