កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ បើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ១ខ្សែប្រវែងជាង ២ពាន់ម៉ែត្រ ស្ថិត នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន និងគ្រោងផ្តល់ផ្លូវបីខ្សែទៀត នៅឆ្នាំ២០២៣ នេះ។

កាលពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣ ឯកឧត្តម ងួន រតន: អភិបាលខេត្កំពង់ធំ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង ២,០២០ ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្ថិតនៅ ភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍនេះ គឺជាជំហ៊ាននៃការកែលម្អបន្ថែមពី ផ្លូវក្រួសក្រហម មកផ្លូវកៅស៊ូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ហើយក៏ជាការចូលរួមពង្រីកក្រុងស្ទឹងសែនឲ្យកាន់តែធំទូលាយ ប្រែក្លាយក្រុងឲ្យកាន់តែស្អាត មានផ្លូវ ល្អប្រសើរសម្រួលការធ្វើដំណើរប្រជាពលរដ្ឋមានភាពងាយស្រួល និងផ្តល់សេដ្ឋកិច្ចប្រជាពលរដ្ឋមាន ជីវភាពធូរធារ។ ក្នុងនោះដែរ ក្រុមហ៊ុនទទួលម៉ៅការសាងសង់ត្រូវអនុវត្តន៍តាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវទាំងអស់ ដែលប្រើប្រាស់ថវិការបស់រដ្ឋបាលមានគុណភាពល្អ ប្រើប្រាស់បានយូរ ដែលឱកាសធ្វើឲ្យខេត្តយកថវិកា ដែលនៅសេសសល់ និងថវិកាទទួលថ្មី ទៅបន្តអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋនៅកន្លែងផ្សេងទៀត។

ឯកឧត្តមបញ្ជាក់បញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត បានផ្តល់គម្រោងដល់រដ្ឋបាលក្រុង ស្ទឹងសែន និងរដ្ឋបាលសង្កាត់ ចំនួន៣ បន្ថែមទៀត គឺ៖ ១.គម្រោងផ្លូវបេតុងប្រវែង ៨៤៥ ម៉ែត្រ តភ្ជាប់ពីភូមិ ព្រៃបន្លិច សង្កាត់ អាចារ្យលាក់ ទៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ គ្រោងនិងរៀបចំបើកការដ្ឋាននាពេលខាងមុខ។ ២. គម្រោងផ្លូវបេតុងប្រវែង ៩០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ០៦A ទៅកាន់ភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ កំពុងសិក្សាគម្រោង និង ៣. គម្រោងផ្លូវបេតុងប្រវែង ៥០០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ០៦ ទៅកាន់ភូមិ រលួស សង្កាត់ស្រយ៉ូវ កំពុងសិក្សា គ្រោងនិងរៀបចំបើក ការដ្ឋានបន្តទៀត។

ទន្ទឹមនេះជាមួយគ្នានេះផងដែរ ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមរក្សាដីចំណីផ្លូវឲ្យបានធំទូលាយ សម្រាប់ការអភិវឌ្ឍបន្តបន្ទាប់ទៅថ្ងៃអនាគត ជាពិសេសចូលរួមថែរក្សា សមិទ្ធផលដែលទទួលបាននេះ ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែងបន្តទៀត៕

អត្ថបទ៖ កំពង់ធំ

Share.