ពានរង្វាន់ Merlion Cup 2023 មានក្រុម៤ ចូលរួម ដោយចាប់ផ្ដើមប្រកួត នៅថ្ងៃទី២៤ ខែមីនា ខាង​មុខ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ស្របពេលយុវជនអាយុក្រោម២២ឆ្នាំ ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹងត្រូវប្រកួតជាមួយម៉ាឡេស៊ី ហើយក្រុមម្ចាស់ផ្ទះសិង្ហបុរីត្រូវប្រកួតជាមួយ ហុងកុង។

សម្រាប់ក្រុមម៉ាឡេស៊ី ដឹកនាំដោយលោកគ្រូបង្វឹក E. Elavarasan ខណៈ​ក្រុម​នេះ​ធ្លាប់​បាន​ប្រកួត​មិត្តភាពបិទទ្វាកម្តៅសាច់ដុំជាមួយក្រុមម៉ាឡេស៊ី ឈុតធំ កាលពីដើមខែ ធ្នូ ឆ្នាំ២០២២ កន្លង​ទៅ​ដោយ​ចាញ់ ៣-១។

ចំណែកក្រុមកម្ពុជា វិញបានប្រកួតចាញ់ក្រុមជប៉ុន ៣-១ ក្នុងជំនួបមិត្តភាពទល់ក្រុមជប៉ុន អំឡុង​ខែ​កញ្ញា ឆ្នាំ២០២២ លើទីលានពហុកីឡដ្ឋានជាតិមរតតេជោ។ ថ្មីៗនេះក្រុមកម្ពុជា ចេញ​ទៅហ្វឹក​ហាត់​រយៈពេល​ខ្លីនៅកោះសាមុយ ប្រទេសថៃ ដើម្បី​ត្រៀម​ខ្លួន​បើក​ទ្វាទ​ទួល​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ក្នុងខែឧសភា ខាងមុខ។

ជំនួបចុងក្រោយរវាងក្រុមម៉ាឡេស៊ី ជាមួយកម្ពុជា កាលពី៣១២ថ្ងៃ មុន​ការ​ប្រកួត​ចុង​ខែ​នេះ​មក​ដល់​ឃើញ​ថា​ក្រុមទាំង២បានស្មើគ្នា ២-២ ក្នុងវគ្គជម្រុះតាមពូលព្រឹត្តិកាណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅ​ទី​ក្រុងហាណូយ ប្រទេសវៀតណាម អំឡុងខែឧសភា ឆ្នាំ២០២២ កន្លងទៅ។ កីឡាករ Hadi រក​បាន​គ្រាប់​បាល់​២គ្រាប់ឲ្យម៉ាឡេស៊ី ចំណែក២គ្រាប់កម្ពុជា រកបានដោយ ជួន ចាន់ចាវ និង សា ទី។

រូបមន្តប្រកួតនឹងយកក្រុមទាំង៤ ចាប់គូគ្នា ប្រកួតថ្ងៃទី១ ហើយថ្ងៃទី២ ក្រុមឈ្នះ នឹងត្រូវប៉ះគ្នា ដណ្តើមយកជើងឯក ហើយក្រុមដែលចាញ់ត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់លេខ៣។

ពាន​រង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ខណ:អូស្ត្រាលី ឈ្នះ​ច្រើន​ជាង​គេ​២លើក​ឆ្នាំ ១៩៨២/៨៣, អ៊ីរ៉ាក់ នៅឆ្នាំ១៩៨៤, យូហ្គោស្លាវី នៅឆ្នាំ១៩៨៥, ចិន នៅឆ្នាំ១៩៨៦, កូរ៉េខាងត្បូង ឈុតB នៅឆ្នាំ ១៩៩២, Liverpool នៅឆ្នាំ២០០៩ និងចុងក្រោយ U-22 សិង្ហបុរី នៅឆ្នាំ២០១៩៕

Share.