ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣ បានធ្វើការចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី ចេញសែកស្អុយជាង១ លានដុល្លារ។

ការចាប់ខ្លួនជនសង្ស័យឈ្មោះ សួន វុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី មានអាសយដ្ឋាន ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៦ ខែមេសាឆ្នាំ២០២៣ ដើម្បីសាកសួរពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ ឈ្មោះ យឹម សុខលី ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។

អង្គហេតុដែលនាំឲ្យមានការចាប់ខ្លួន កាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២ ឈ្មោះ សួន វិធី បានទំនាក់ទំនងមកជនរងគ្រោះឈ្មោះ យឹម សុខលី ដើម្បីដាក់ទុនរកស៊ីលើទំហំទឹកប្រាក់១.៣៥០.០០០ដុល្លារ (មួយលានសាមសិបប្រាំម៉ឺនដុល្លារ) នៅចំណុចហាងរបស់ជនរងគ្រោះដែលមានឈ្មោះ SL PUB មានទីតាំងស្ថិតនៅ ផ្ទះលេខ១១២ ផ្លូវលេខ២៩១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយមានការទុកចិត្ដជនរងគ្រោះ បានប្រគល់ប្រាក់ចំនួន១.៣៥០.០០០ដុល្លារ មួយលានសាមសិបប្រាំម៉ឺនដុល្លារ ឲ្យទៅឈ្មោះ សួន វុធ ហើយជនសង្ស័យបានធានាអះអាងថាក្នុងរយៈពេល២ថ្ងៃនឹងសងជនរងគ្រោះវិញ។

លុះដល់ថ្ងៃកំណត់ជនសង្ស័យបានចេញមូលប្បទានប័ត្រចំនួន២សន្លឹក ឲ្យទៅជនរងគ្រោះ មូលប្បទានប័ត្រមួយមានទំហំទឹកប្រាក់ចំនួន ៩០០.០០០ ដុល្លារ មូលប្បទានប័ត្រទីពីរមានទំហំទឹកប្រាក់ចំនួន៤៥០.០០០ ដុល្លារ របស់ធានាគារ(ABA)។ ក្រោយពីទទួលមូលប្បទានប័ត្រពីរសន្លឹករួច ជនរងគ្រោះ បានទៅបើកប្រាក់នៅធនាគារ ប៉ុន្តែត្រូវបានខាងធានាគារបញ្ជាក់ថា មូលប្បទានប័ត្រទាំងពីរសន្លឹកនេះមិនមានទឹកប្រាក់ក្នុងគណនីទេ។

This image has an empty alt attribute; its file name is image-269-1024x572.png

ហើយពេលនោះជនរងគ្រោះឈ្មោះ យឹម សុខលី បានព្យាយាមទាក់ទងទៅជនសង្ស័យឈ្មោះ សួន វុធ គ្រប់មធ្យោបាយដើម្បីដោះស្រាយ ប៉ុន្តែជនសង្ស័យព្យាយាមគេចវេស រហូតទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងរហូតដល់មានការចាប់ខ្លួន បញ្ជូនទៅតុលាការ៕

អត្ថបទ៖ ចតុមុខ

Share.