ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចេញប្រកួតលើឆាកអន្តរជាតិជាលើកដំបូងរបស់ខ្លួនក្នុងប្រវត្តិសាស្រ្តកាលពី៦៧ឆ្នាំមុន ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ហើយត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី នៅឆ្នាំ១៩៥៤។
ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៥៦ ក្រុមបាល់ទាត់កម្ពុជា ត្រូវប្រកួតលើឆាកអន្តរជាតិផ្លូវការជាលើកដំបូងដោយត្រូវជួបក្រុមជម្រើសជាតិម៉ាឡាយ៉ា (ម៉ាឡេស៊ី) ក្នុងវគ្គជម្រុះជើងឯកប្រចាំទ្វីបអាស៊ី 1956 AFC Asian Cup qualification ភូមិភាគកណ្តាល ។ ការប្រកួតជើងទី១ នេះ ធ្វើឡើងនៅកីឡដ្ឋាន T.P.C.A. Stadium (Princes Road Stadium) ក្នុងទីក្រុងកូឡាឡាំពួរ វេលាម៉ោង៥:១៥នាទីល្ងាច ក្រោមក្រសែភ្នែកទស្សនិកជន៤០០០នាក់។

ជម្រើស១១នាក់ដំបូងរបស់កម្ពុជា ដែលដឹកនាំដោយលោកគ្រូបង្វឹក Azerie (មិនច្បាស់សញ្ជាតិ) មាន Duong Duch (អ្នកចាំទី) Aing Kim Ean, Chea Hoeun; Hem Som, Pramo de la Cruz, Prak Kimsann (ប្រធានក្រុម) Nguon Bun, Ken Peou, “Lay” (មិនច្បាស់ឈ្មោះពេញ), Nguon Tuy, Kong Thann។
ចំណែកជម្រើស១១នាក់ដំបូងរបស់ម៉ាឡេស៊ី ដឹកនាំដោយលោក G.Paul ជាគ្រូបង្វឹក មាន Ong Kim Hock (អ្នកចាំទី) Lee Sai Chong (ប្រធានក្រុម), Tang Cheok Foo; Mok Wai Hong, Yap Hin Hean, Chuah Poh Aun; Mok Wai Keen, Pang Siang Hock, Abdul Ghani Minhat, Pang Siang Teik, S.Govindarajoo។
ការប្រកួតដែលកាន់កញ្ចែដោយលោកអាជ្ញាកណ្ដាលសិង្ហបុរី Greg de Silva បញ្ចប់ទៅក្នុងតង់ទី១ ម៉ាឡេស៊ី នាំមុខកម្ពុជា ៧-០ ខណៈចប់ការប្រកួតម៉ាឡេស៊ី យកឈ្នះកម្ពុជា ដោយលទ្ធផលសរុប ៩-២។ ម្ចាស់គ្រាប់បាល់ទាំង៩គ្រាប់របស់ម៉ាឡេស៊ី រកបានដោយកីឡាករ Abdul Ghani Minhat ចំនួន៧គ្រាប់ម្នាក់ឯង ខណៈកីឡាករ Pang Siang Hock រកបាន២គ្រាប់។ ចំណែកគ្រាប់បាល់វាយបករបស់ក្រុមកម្ពុជា វិញរកបានដោយកីឡាករ Nguon Tuy និង Ken Peou ម្នាក់១គ្រាប់។
ការជម្រុះវគ្គបឋមប្រចាំទ្វីបភូមិភាគកណ្តាល នេះជើងទី២ ត្រូវប្រកួតនៅរាជធានីភ្នំពេញ វិញ គឺនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៦ (មិនច្បាស់ម៉ោងប្រកួត) លើទីលានកីឡដ្ឋាន Stade Vélodrome Lambert (បច្ចុប្បន្នគឺស្តាតចាស់) ហើយកម្ពុជា បានយកឈ្នះម៉ាឡេស៊ីវិញដោយលទ្ធផល ៣-២។ ម្ចាស់គ្រាប់បាល់របស់កម្ពុជា រកបានដោយកីឡាករ Lung (មិនច្បាស់ឈ្មោះពេញ) ២គ្រាប់ និងកីឡាករ Nguon Tuy ១គ្រាប់។ ២គ្រាប់របស់ម៉ាឡេស៊ី រកបានដោយកីឡាករ Abdul Ghani Minhat ១គ្រាប់ និងបាល់របូតចូលទីខ្លួនឯងរបស់កម្ពុជា ១គ្រាប់។

សម្រាប់ម៉ាឡេស៊ី មុនប៉ះកម្ពុជា ធ្លាប់បានប្រកួតមិត្តភាពអន្តរជាតិ២លើកមកហើយ ដោយឆ្នាំ១៩៤៨ បានចាញ់សឹង្ហបុរី ៤-២ ហើយឆ្នាំ១៩៥៣ បានយកឈ្នះសិង្ហបុរី វិញ៣-១។
ដូច្នេះវគ្គជម្រុះភូមិភាគកណ្តាល ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាមខាងត្បូង និងថៃ ឡើងទៅជុំទី២ ខណៈកម្ពុជា និងសិង្ហបុរី អស់សិទ្ធិប្រកួតបន្ត។ ពានរង្វាន់1956 AFC Asian Cup យកក្រុមខ្លាំងតែ៤ក្រុមប៉ុណ្ណោះ ឡើងទៅប្រកួតជុំចុងក្រោយនៅហុងកុង ក្នុងខែកញ្ញា ឆ្នាំជាមួយគ្នានោះ ស្របពេលដែលហុងកុង ទទួលសិទ្ធិដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ ហើយវៀតណាមខាងត្បូង ជាក្រុមខ្លាំងទៅពីតំបន់អាស៊ីកណ្តាល ហើយកូរ៉េខាងត្បូង ជាក្រុមខ្លាំងទៅពីតំបន់អាស៊ីបូព៌ា និងអ៊ីស្រាអ៊ែល ទៅពីតំបន់អាស៊ីខាងលិច។ ក្រុមប្រកួតឆ្នាំដំបូងនេះជើងឯកបានទៅកូរ៉េខាងត្បូង៕

*ក្រុមការងារត្រយង សូមប្រើប្រាស់ឈ្មោះរបស់កីឡាករជាភាសាឡាតាំង ព្រោះខ្លាចខុសនឹងឈ្មោះដើម ដែលមិនមានឯកសារបញ្ជាក់៕
