ពោធិ៍សាត់ ៖ រថយន្តបែនប្រភេទយុីឌុប ដឹកថ្មមួយគ្រឿង របស់ក្រុមហ៊ុនចិនធ្វើផ្លូវ ខណៈដែលកំពុងបើកលើស្ពានដែកឆ្លងអូរ ស្រាប់តែបាក់ក្រឡាប់រថយន្តចូលទឹក សំណាងល្អពុំបង្កឲ្យអ្នកណារងរបួស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៣ នៅចំណុចស្ពានដែកឆ្លងអូរ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ យុីយ៉ាន់ដាយ ពណ៌ស ប្រភេទយុីឌុប ដឹកថ្ម របស់ក្រុមហ៊ុនចិន RB ធ្វើស្ពាន ផ្លូវជាតិលេខ១០ថ្មី បើកបរដោយឈ្មោះ វី ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខ កម្មករក្រុមហ៊ុន RB ធ្វើផ្លូវជាតិលេខ១០ថ្មី ខាងលើ ។

តាមអាជ្ញាធរបានឲ្យដឹងថា ផ្លូវ ស្ពាន ចំណុចខាងលើ កសាងដោយក្រុមហ៊ុនចិន RB ហើយចំណុចកើតហេតុ ខាងក្រុមហ៊ុនបានសាងសងស្ពានជិតរួចរាល់ហើយ ក៏ប៉ុន្តែមិនទាន់អនុញ្ញាតិឲ្យធ្វើដំណើរឆ្លងកាត់ តម្រូវឲ្យឆ្លងកាត់ស្ពានដែកចាស់សិន ស្រាប់តែនៅវេលាម៉ោងខាងលើ រថយន្តបែនដឹកថ្ម បើកឆ្លងកាត់ ស្រាប់តែបាក់ កាច់ ក្រឡាប់រថយន្តចូលទឹក តែសំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ ខាងក្រុមហ៊ុនទទួលសិទ្ធធ្វើផ្លូវ ស្ពានខាងលើ យករថយន្តស្ទូចទៅលើកយករថយន្តចេញ ។ ចំណែកចរាចរណ៍ ខាងក្រុមហ៊ុនឲ្យធ្វើដំណើរឆ្លងកាត់ស្ពានថ្មថ្មីវិញ ។ ដោយឡែកស្ពានដែកចាស់ដែលបានបាក់នោះ ខាងក្រុមហ៊ុននឹងធ្វើការរុះរើចេញ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.