ភ្នំពេញ ៖ ឃ្លាំងស្តុកទំនិញ សម្ភារៈបរិក្ខា គ្រឿងបន្លាស់រថយន្ត មួយកន្លែង ត្រូវបានអគ្គិភ័យឆេះអស់គ្រឿងក្នុងទាំងស្រុង ខណៈដែលម្ចាស់ចាក់សោទុកចោល បង្កឲ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យឃាច្រើនគ្រឿងបញ្ជូនទៅពីបណ្តាអង្គភាព ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅក្បែរសាលាវិចិត្រសិល្បៈ ផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ឃ្លាំខាងលើ ទំហំ១៥ម៉ែត្រx៣០ម៉ែត្រ សង់ពីថ្ម ប្រក់ស័ង្កសី មានទំនើរពីរជាន់ ស្តុកដោយសម្ភារៈ បរិក្ខា គ្រឿងបន្លាស់រថយន្ត អេឡិចត្រូនិច ប្រេងម៉ាសុីន ប្រេងផ្សេងៗ សម្រាប់ផ្គង់ផ្គង់ទៅតាមការ៉ាស់ យានដ្ឋាន ជួសជុល លក់រថយន្ត ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលម្ចាស់ទីតាំង បុគ្គលិក យក ជញ្ជូនអុីវ៉ាន់ បរិក្ខា គ្រឿងបន្លាស់រថយន្ត យកទៅដាក់ឲ្យម៉ូយតាមយានដ្ឋាន ឃ្លាំងចាក់សោចោល ស្រាប់តែមានផ្សែងហុយ ខ្មួលខ្មាញ់ចេញពីក្នុងឃ្លាំង ទើបរាយការណ៍ទៅសមត្ថកិច្ច ជួយអន្តរាគមន៍ ។

ភ្លាមៗត្រូវបាន កម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បញ្ជូនពីបណ្តាអង្គភាព អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៤គ្រឿង រថយន្តសង្នងការក្រុងភ្នំពេញ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា កម្លាំងនាំគ្នាវាយការ់សោទ្វារចូលពន្លត់ភ្លើង ។

គ្រោះអគ្គិភ័យខាងលើ រងខូចខាតសម្ភារៈ អុីវ៉ាន់ ស្តុកខាងក្នុងអស់ទាំងស្រុង ក្នុងនោះមានរថយន្តមួយគ្រឿងផងដែរ ខាតបង់អស់រាប់មុឺនដុល្លារ តែមិនបង្កឲ្យអ្នកណារងរបួស ឬរាលដាលដល់ផ្ទះសម្បែងពលរដ្ឋឡើយ ។ ចំពោះមូលហេតុ សមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ រងចាំធ្វើការពិនិត្យស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.