ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង ដឹកធ្ងន់ បើករយ៊ែរថយក្រោយចូលឃ្លាំង ស្រាប់តែផុងបែកលូ ជាប់កង់ក្រោយ ទៅមុខក៏មិនរួច ថយក្រោយក៏មិនរួច នៅកាត់ទទឹងបំណែកផ្លូវជាតិលេខ៣ បង្កឲ្យកកស្ទះចរាចរណ៍មួយចំហៀងផ្លូវ ផ្នែកចូលរាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឮឪ

រថយន្តជួបហេតុការណ៍ ប្រភេទកុងតឺន័រ ម៉ាកSCANAI ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-9973 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-2455 ផ្ទុកទូកុងតឺន័រ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ រយ៊ែរថយក្រោយ ដើម្បីចូលឃ្លាំងក្រុមហ៊ុនចិន តែដោយសារការផ្ទុកដឹកទំនិញក្នុងទូធ្ងន់ ថយក្រោយទៅជាន់លើលូ បណ្តាលឲ្យបែកផុងជាប់កង់ក្រោយ រថយន្តជាប់គាំងកាត់ទទឹងបំណែកផ្លូវជាតិលេខ៣ ធ្វើឲ្យកកស្ទះចរាចរ ផ្លូវមួយចំហៀងផ្នែកខាងចូលរាជធានីភ្នំពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ សម្រួលពង្វាងចរាចរណ៍ឲ្យទៅផ្លូវមួយចំហៀងទៀត និងរាយការណ៍ទៅអាជ្ញាធរ មន្ទីរសាធារណការ ដើម្បីដោះស្រាយការខូចខាតបាក់បែកប្រពន្ធលូ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.