ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមឆ្លងផ្លូវ ត្រូវបានរថយន្តPriusបើកល្បឿនលឿនបុកពេញទំហឹង ហើយបន្តជ្រុលទៅបុកទ្រូងផ្លូវ រងខូចខាតខ្ទេច ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទី ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ សុខ ធារី អាយុ៥៣ឆ្នាំ មុខរបរលក់នំ មានទីលំនៅក្បែរកន្លែងកើតហេតុ ជាស្ត្រីម៉េម៉ាយ មានកូន៣នាក់ក្នុងបន្ទុក ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះគាត់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CB-2290 ជិះចេញពីផ្ទះក្នុងភូមិកើតហេតុ ឆ្លងផ្លូវពីលិចទៅកើត តែមិនទាន់ផុតផង ស្រាប់តែរថយន្ត Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BA-323 បើកបរដោយបុរសម្នាក់ ល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ជ្រុលបុកពេញទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះ ស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តមិនទាន់អស់ល្បឿន បន្តជ្រុលទៅបុកទ្រូងផ្លូវ ខ្ទេច ទៅមុខលែងរួច ឃាត់ខ្លួនបានអ្នកបើកបរនាំយកទៅសំចតនៅប៉ុស្តិ៍ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ ហើយប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូ រួមទាំងអ្នកបើកបរផង ក្រោយសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.