នៅរសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ នឹងចាកចេញពីកម្ពុជា នៅវេលាម៉ោង ២:៤៥នាទីរសៀលនេះ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីត្រៀមហ្វឹកហាត់ដំណាក់កាលទី២ និងចូលរួមពានរង្វាន់ Merlion Cup 2023 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមីនា។

ខណ:កាលពីរសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ សរុប២៤នាក់ ក្នុងនោះកីឡាករចំនួន៦នាក់ដែលមានដូចជា៖ សារ ទី (បញ្ហារបួស), ទេព ហ្វីលីព, វុំាង ដាវីន, អ៊ីម វ៉ាឃីម, រី លាភផេង និង អ៊ាន ពិសី ត្រូវបានដកចេញពីបញ្ជីឈ្មោះសម្រាប់ការបោះជំរុំហ្វឹកហាត់ដំណាក់កាលទី២ មុនស៊ីហ្គេម។

បន្ទាប់ពីលទ្ធផលនៃការចាប់ឆ្នោតពានរង្វាន់ Merlion Cup 2023 យុវជនអាយុក្រោម២២ឆ្នាំ ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រកួតជាមួយម៉ាឡេសុី ខណ:ក្រុមម្ចាស់ផ្ទះសិង្ហបុរី និងត្រូវប្រកួតជាមួយ ហុងកុង នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ នៅ​កីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ម៉ោង ៤:០០នាទីរសៀល (ម៉ោងនៅកម្ពុជា)

បច្ចុប្បន្នU22ម៉ាឡេស៊ី បានបញ្ចប់ការសាកល្បងកីឡាករចំនួន២៥នាក់ ក្នុងដំណាក់កាលទី២ នៃជំរំហ្វឹកហាត់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែកុម្ភៈ ដែលមានកីឡាករតែ៣នាក់ប៉ុណ្ណោះពីដំណាក់កាលទី១ កាលពីខែវិច្ឆិកា មុនត្រូវបានកោះហៅលើកនេះ។

ពាន​រង្វាន់ Merlion Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ខណ:អូស្ត្រាលី ឈ្នះ​ច្រើន​ជាង​គេ​២លើក​ឆ្នាំ ១៩៨២/៨៣, អ៊ីរ៉ាក់ នៅឆ្នាំ១៩៨៤, យូហ្គោស្លាវី នៅឆ្នាំ១៩៨៥, ចិន នៅឆ្នាំ១៩៨៦, កូរ៉េខាងត្បូង ឈុតB នៅឆ្នាំ ១៩៩២, Liverpool នៅឆ្នាំ២០០៩ និងចុងក្រោយ U-22 សិង្ហបុរី នៅឆ្នាំ២០១៩៕

Share.