សិល្បៈជាតិ៖ “រាមសោមា” រឿងប្រលោមលោកថ្មីប្រចាំឆ្នាំ២០២៣ បានកំពុងប្រលោមចិត្តប្រិយមិត្តអ្នកនិយមចូលចិត្តអានសៀវភៅប្រលោមលោក ជាមួយនឹងការពណ៌នាពីសិល្បៈវប្បធម៌ជាតិខ្មែរ តាមរយៈរឿងរ៉ាវស្នេហាមនោសញ្ជេតនា​ជ្រាលជ្រៅរបស់មនុស្សពីរនាក់។

“រាមសោមា” ជាការតាក់តែងនិពន្ធរបស់អ្នកនិពន្ធ នួន ពេជ្រស៊ូដេនី នាមប៉ាកកា បក្សីស ដែលជាម្ចាស់ស្នាដៃរឿងប្រលោមលោកពេញនិយមដូចជា៖ ផ្កាយរះពេលថ្ងៃ គូប្រជែងបេះដូង ដីកោះកំណើតស្នេហ៍ និងជើងមេឃស្នេហ៍អូន។

អ្នកនិពន្ធរហស្សនាម បក្សីស រូបនេះ បានលើកយកនូវវប្បធម៌ខ្មែរដ៏ល្អផូផង់ពាក់ព័ន្ធនឹងរបាំខ្មែរ និងសម្លៀកបំពាក់បុរាណខ្មែរតាមសម័យកាលនីមួយៗ ឆ្លុះបង្ហាញតាមរយៈតួអង្គ ចន្ទសោមា និងកំលោះ សច្ចៈរាម ដែលតួអង្គស្រីប្រុសទាំងពីរ នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានទាំងអស់ ទៅកាន់យុគសម័យដ៏អស្ចារ្យរបស់ខ្មែរ និងស្នេហាសម័យថ្មីប្រកបដោយកិត្តិយស និងឯករាជ្យភាព។ ចំណងស្នេហ៍របស់គេទាំងពីរ ក៏នឹងធ្វើឱ្យអ្នកអានទទួលបានអារម្មណ៍រំភើប រំជើបរំជួលក្នុងបេះដូងពីមួយវគ្គទៅមួយវគ្គផងដែរ។

តាមរយៈប្រលោមលោកមួយក្បាលនេះ យុវជន យុវតីជំនាន់ក្រោយនឹងបានស្វែងយល់ពីភាពខុសគ្នានៃតួសម្តែងក្នុងល្ខោនព្រះរាជទ្រព្យ និងល្ខោនខោល។ ជាពិសេសគឺការរក្សានូវអត្តសញ្ញាណដើមនៃម៉ូដសម្លៀកបំពាក់បុរាណខ្មែរ ដែលសម្អាងការខ្មែរយើងមួយចំនួន បានប្រើប្រាស់ខុសយ៉ាងប្រាសចាក ជាហេតុធ្វើឱ្យបាត់បង់ទម្រង់ដើមនៃប្រណីតភាពរបស់សិល្បៈវប្បធម៌ខ្មែរ។

ការពណ៌នាពីសិល្បៈវប្បធម៌ខ្មែររបស់អ្នកនិពន្ធ បានកែច្នៃបញ្ចូលជាមួយឈុតឆាកមនោសញ្ជេតនារវាងមនុស្ស និងមនុស្សស្រី មិនបានធ្វើឱ្យប្រលោមលោកមួយក្បាលនេះកា្លយជាសៀវភៅប្រវត្តិសាស្រ្តឡើយ ដែលយើងអាចមើលឃើញតាមរយៈរូបភាពក្របសៀវភៅដ៏ស្រស់ស្អាតផងដែរ។

សង្ខេបសាច់រឿង៖

សោមាជាមនុស្សស្រីសម័យថ្មី មានចំណេះដឹង ឆ្លាតវៃ និងរឹងមាំ។ នាងជាអ្នកជំនួញវ័យក្មេងដ៏ពូកែដែលស្រលាញ់សិល្បៈវប្បធម៌ខ្មែរ និងជួយផ្សព្វផ្សាយតាមរយៈក្រុមហ៊ុនពិធីការ និងតុបតែងលម្អរបស់នាង។ សច្ចៈរាម ជាម្ចាស់សណ្ឋាគាររូបសង្ហា ដែលមានចរិតស្ងប់ស្ងាត់ និងមិនសូវចាប់អារម្មណ៍ក្នុងរឿងស្នេហា។ បេះដូងរបស់គេហាក់សោះអង្គើយចំពោះនារីរូបស្អាតជាច្រើន។ តែទីបំផុតមន្តស្នេហ៍សោមា បានធ្វើឱ្យរាមលង់ចិត្តស្រលាញ់យ៉ាងជ្រាលជ្រៅ។ ស្នេហារបស់គេទាំងពីរ បង្កប់ដោយរសជាតិមនោសញ្ជេតស្នេហាផ្អែមល្អែម កក់ក្តៅ និងស្មោះត្រង់។ ពួកគេជាតំណាងបុរសនារីសម័យថ្មីពីររូប ដែលមានឯករាជ្យភាពរឹងមាំគ្រប់គ្រាន់ ក្នុងការសម្រេចចិត្តជ្រើសរើសស្នេហា និងអនាគតរបស់ខ្លួនដោយកិត្តិយស និងគុណធម៌។

“រាមសោមា” នឹងរួមដំណើរជាមួយគ្នាក្នុងការជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ ដែលជាគោលគំនិតចំបងរបស់អ្នកនិពន្ធនាំឱ្យបង្កើតសៀវភៅនេះឡើង។ ស្នាដៃប្រលោមលោករឿង “រាមសោមា” បានបោះពុម្ភចេញផ្សាយកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៣ និងបានចូលរួមក្នុងការតាំងពិព័រណ៍សៀវភៅ ដើម្បីអបអរទិវាជាតិអំណានលើកទី៨ នាពេលកន្លងទៅ។ ប្រិយមិត្តអាចរកជាវទិញប្រលោមលោករឿង “រាមសោមា” អាចទំនាក់ទំនងព័ត៌មានលម្អិតជាមួយនឹងអ្នកនិពន្ធផ្ទាល់តាមរយៈ៖ គណនីហ្វេសប៊ុក (Pichsoudeny Noun) ឬលេខទូរស័ព្ទ (+855) 81 555 754៕

Share.